បុក​ឡើង​ខ្ទេច​មើល​លែង​ចង់​ស្គាល់​ថា​រថយន្ត​អ្វី​ទៅ​ហើយ

0

បន្ទាយ​មាន​ជ័យ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​០២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង​ប៉ះទង្គិច​គ្នា ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​៤០​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្រៅ​ទីប្រជុំជន​ត្រង់​ចំណុច​បង្គោល​ភ្លើង​លេខ​០៤៧៤ ខាងលិច​ស្ពាន​ត្បែង​ប្រហែល​៤០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មានឈ្មោះ គង់ ឆាយ​ទាំង ភេទ ប្រុស អាយុ ២៩​ឆ្នាំ នៅ​ភូមិ​៤​សង្កាត់ បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ (​អ្នកបើកបរ​រថយន្ត​)​និង​អ្នក​រួម​ដំណើរ ឈ្មោះ គង់ ព្រូ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​នៅ រស់នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

លោក​អធិការ បាន​បញ្ជាក់​ថា​៖ នៅ​មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក HIGH LANDER ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-7653 បើកបរ​ដោយ​ឈ្មោះ គង់ ឆាយ​ទាំង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ លិច ក្នុង​ល្បឿន​លឿន ។ ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បែក​កង់​ក្រោយ​ខាងស្ដាំ​ហើយ​បាន​រេ​ចង្កូត​ចុះឡើង​មក​ទទឹង​កណ្ដាល​ទ្រូងផ្លូវ នៃ​គន្លង​ផ្លូវ​ខាងស្ដាំ ស្រប​ពេល​នោះ រថយន្ត​ម៉ាក HINO ពណ៌​ខៀវ ក្បាល​រថយន្ត​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-2451 និង​សឺ​ម៉ី​រឺ​ម៉ក​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 4A-3150 បើក​មក​ពី​ទិស​ខាង​លិចទៅ​ខាងកើត ជ្រុល​បុក​រថយន្ត HIGH LANDER ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​កៀប​ជាប់​ក្នុង​រថយន្ត​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ទាំង​០២​នាក់ ។ ចំណែក​អ្នកបើកបរ​រថយន្ត HINO បាន​រត់គេច​ខ្លួន​ពី កន្លែង​កើតហេតុ ។

ក្រោយ​ពី​កើតហេតុ នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ព្រះនេត្រព្រះ ចុះ​ធ្វើការ​វាស់វែង និង​នាំ​យក​សាកសព​ទៅ​តម្កល់​ទុក​នៅ​វត្ត​រហាល រង់ចាំ​សាច់ញាតិ​មក​ពី​ទីក្រុង​ភ្នំពេញ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ មធ្យោបាយ​ទាំង​២​គ្រឿង​អូស​យក​មក​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ