ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចទូរស័ព្ទ និងយកកាំបិតកាប់ទៅលើម៉ូតូ នៅចំណុចភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ រ៉ា វីអីសាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្លូវបេតុង ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនរួមមានឈ្មោះ ទ្បោះ ម៉ាត់សេន ភេទប្រុស មុខរបរ អ្នកធ្វើត្រី ស្នាក់នៅផ្លូវលេខ៥ ភូមិ៤សង្កាត់ច្រាងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្នាក់ទៀតឈ្មោះ យ៉េត សាគីរីន ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅផ្លូវលេខបេតុង ភូមិខ២ សង្កាត់ច្រាងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរស័ព្ទនៅក្នុងខ្លុបម៉ូតូ ហើយក៏បានទៅលេងបាល់ទាត់ដែលមានគ្នាចំនួន០៩នាក់ នៅចំណុចកើតហេតុខាងលើ ពេលកំពុងតែលេងៗក៏ស្រាប់មានបក្សពួកជនសង្ស័យមួយក្រុម មានគ្នាប្រហែល១០នាក់ បានជិះម៉ូតូបំបុកបក្សពួកជនរងគ្រោះ បន្ទាប់មកបក្សពួកជនសង្ស័យបានដកកាំបិតដេញកាប់ទៅលើបក្សពួកជនរងគ្រោះ ក៏រត់ចោលម៉ូតូហើយបក្សពួកជនសង្ស័យកាប់ម៉ូតូ និងលួចយកទូរស័ព្ទម៉ាក OPPO A15 របស់ជនរងគ្រោះបន្ថែមទៀត ហើយបក្សពួកជនសង្ស័យក៏ជិះរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២។
បន្ទាប់ពីទទួលពាក្យដណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២ បើការស្រាវជ្រាវស្វែងរកជនសង្ស័យ លុះដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩:៣០នាទី ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ និងម្នាក់ទៀតនៅវេលាម៉ោង២៣:៣០នៅចំណុចវបេតុង ក្រុមទី៨ ភូមិក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕