ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សុខាភិបាលបានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង និងគណៈប្រចាំការ នឹងរៀបចំគោលនយោបាយ ដើម្បីត្រៀមបើកប្រទេសឡើងវិញ ដែលគ្រប់គ្នាត្រូវរៀនប្តូរឥរិយាបថក្នុងការរស់នៅតាមគន្លងថ្មីនៃបរិបទកូវីដ ១៩ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា ផ្អែកលើការធ្លាក់ចុះជាបន្តបន្ទាប់នៃការឆ្លង ការឈឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺកូវីដ ១៩ កម្ពុជានឹងបើកសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញនៅក្នុងពេលឆាប់ៗនេះ ដោយសារយុទ្ធនាការ ចាក់វ៉ាក់សាំងកំពុងធ្វើយ៉ាងរហ័ស នៅគ្រប់ទីកន្លែង។
លោកជំទាវបញ្ចាក់ថា ប្រទេសកម្ពុជាត្រូវការបើកឡើងវិញនូវវិស័យសេដ្ឋកិច្ច អប់រំ និងវិស័យផ្សេងៗទៀត ប៉ុន្តែប្រជាពលរដ្ឋគ្រប់រូបត្រូវតែផ្លាស់ប្តូរនូវឥរិយាបថ ក្នុងការរស់នៅតាមគន្លងថ្មី ជាមួយវីរុសកូវីស១៩ ខណៈដែល បច្នុប្បន្ននេះ ប្រធានគណៈកម្មការអន្តរក្រសួងកំពុង ពិនិត្យមើលថា តើវិស័យណាខ្លះត្រូវបើកឡើងវិញ។ សំឡេង៖ «ប្រមុខរាជរដ្ឋាភិបាលនឹងសម្រេចទៅលើផែនការ ដែលក្រុមគណៈកម្មការ កំពុងតែរៀបចំ ហើយយើងក៏មានការដឹកនាំប្រជុំ ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាប្រធានគណៈកម្មការ ដើម្បីពិនិត្យមើលថា តើវិស័យអ្វីខ្លះ ដែលយើងត្រូវតែពិនិត្យឡើងវិញ ហើយយើងនឹងធ្វើអ្វីខ្លះបន្ថែមទៀត ដើម្បីបើកសេដ្ឋកិច្ចឡើងវិញ សម្រាប់ការបើកប្រទេសឡើងវិញ។
ជាពិសេសគឺសម្ដេចតេជោលោកមានប្រសាសន៍ហើយថា ទេសចរណ៍ តែអ្វីដែលសំខាន់នោះ ប្រជាពលរដ្ឋត្រូវតែទទួលបាននូវការចាក់ វ៉ាក់សាំង ដូចនេះ ទេសចរត្រូវតែមានកាតចាក់វ៉ាក់សាំងជាប់ខ្លួន ។ ហើយនៅក្នុងរាជធានីភ្នំពេញទៅណាក៏សួររកកាតចាក់វ៉ាក់សាំងដែរ ហើយនៅពេលដែលយើងមានកាតចាក់វ៉ាក់សាំង គឺយើងមានសុវត្ថិភាពច្រើន។ ឯកសារគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ គឺកំពុងតែដាក់ឆ្លងគណៈកម្មការ ដើម្បីពិនិត្យមើលថាតើយើង ត្រូវសង្កត់ធ្ងន់ ទៅលើប្រទេសណាខ្លះ ដែលមានហានិភ័យទាប ប្រទេសណាដែលមានហានិភ័យខ្ពស់ ហើយចូលមកកម្ពុជាត្រូវការអ្វីខ្លះអ៊ីចឹងឯកសារយើង គឺមានគ្រប់គ្រាន់និងត្រូវបើកឆាប់ៗនេះ អាចប្រហែលជាចុងឆ្នាំនេះ គឺក្រសួងទេសចរណ៍និងដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល សូមសេចក្ដី សម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ»។
លោកជំទាវបន្តថា ទោះបីជាបច្ចុប្បន្ននេះស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរក៏ពិតមែន ប៉ុន្តែពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ រួមទាំងរៀនសម្របខ្លួនរស់នៅ តាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាបាននូវសុវត្ថិភាព បុគ្គល គ្រួសារ និងសហគមន៍ ពីការចម្លងលឿនរបស់វីរុសកូវីដ-១៩ និងធានានិរន្តរភាពនៃរស់ការនៅតាមបែបគន្លងប្រក្រតីភាពថ្មី។ បើតាមការបញ្ជាក់របស់ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ មានរាជធានី-ខេត្តចំនួន ២៤ ដែលត្រូវបានបិទបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ នៅជុំទី១ សម្រាប់ក្រុមមនុស្សអាយុចាប់ពី ១៨ ឆ្នាំឡើង។
ខណៈនៅសល់តែខេត្តកំពត១ទេ ដែលជាខេត្តចុងក្រោយគេនឹងត្រូវបិទបញ្ចប់ ហើយលោកស្រីសង្ឃឹមថា ខេត្តនេះអាចនឹងប្រកាសបិទបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីសម្រេចទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការ បើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ នាពេលឆាប់ៗខាងមុខនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន