រាជធានីភ្នំពេញ ៖ តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដេីរទស្សនាកម្សាន្តសរុប ៦៦៤,៦៩៧ នាក់។
គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តកំពត ១០២,៥៩៣ នាក់
* ខេត្តកែប ៩៦,៤៧១ នាក់
* ខេត្តព្រះសីហនុ ៨០,៥១៩ នាក់
* ខេត្តពោធិ៍សាត់ ៥០,១០៩ នាក់
* ខេត្តកំពង់ស្ពឺ ៣៩,៦៤២ នាក់
* ខេត្តបាត់ដំបង ៣៧,៧២៤ នាក់
* ខេត្តកំពង់ចាម ៣៦,១៤០ នាក់
* ខេត្តសៀមរាប ៣៣,២២២ នាក់។
នាថ្ងៃឈប់សម្រាកទី៣នេះ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ។ ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ បន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១ និងទី២។ ប៉ុន្តែថ្ងៃទី៣នេះ ការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបានវិលត្រលប់ចូលភ្នំពេញវិញ។
ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ជានិន្នាការថ្មីនោះ គឺភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅដែលមានចង្ក្រានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួលទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្ក្រានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។
ចំពោះតម្លៃសេវា ពិសេសតម្លៃបន្ទប់ស្នាក់នៅ និងម្ហូបអាហារ ពុំមានការតំឡើងថ្ងៃហួសហេតុទេ គឺស្ថិតក្នុងកម្រិតសមរម្យ ដោយពុំមានបាតុភាពគួរកត់សម្គាល់ណាមួយកើតឡើងទេ។ ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសការពាក់ម៉ាស់ស្ទើរគ្រប់ ១០០%។ ប៉ុន្តែការរក្សាគម្លាតនៅតែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរំលឹកបន្ថែមទៀត ពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានការទាក់ទាញខ្លាំង។
នៅតាមគោលដៅទេសចរណ៍ទាំងអស់ ក្រុមការងារររដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ បានខិតខំប្រឹងប្រែងចុះពិនិត្យ អប់រំណែនាំការអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។
វិស័យឯកជន រាប់ចាប់ពីប្រតិបត្តិទេសចរណ៍ធំៗ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ និងប្រជាពលរដ្ឋ អាជីវករលក់ដូរនៅមូលដ្ឋានផ្ទាល់ ពិសេសនៅគោលដៅទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពរីករាយក្នុងការដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យមានការដើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំនេះ។ ទាំងនេះបង្កើតជាក្តីសង្ឃឺមសម្រាប់ពួកគាត់ក្នុងការបន្តអាជីវកម្ម មុខរបរ និងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ភ្ញៀវបន្តទៀតនាឱកាសឈប់សម្រាកនានា។
គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរដែលមានចំនួនច្រើន និងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្រោមស្ថានភាពភ្លៀងធ្លាក់ជោគជាំនៅតាមតំបន់មួយចំនួន។ សូមជម្រាបថា ភ្ញៀវសរុបសម្រាប់ថ្ងៃទី៣នេះ មានចំនួន ២៤៤,២៥៦ នាក់ (ថយចុះប្រមាណ ១០.០១% ធៀបនឹងថ្ងៃទី២ ប៉ុន្តែបើធៀបនឹងថ្ងៃទី១ គឺកើនឡើងប្រមាណ ៦៣.៩២%) ក្នុងនោះភ្ញៀវជាតិ ២៤២,៨៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៣៧៥ នាក់៕
ប្រភព ៖ ក្រសួងទេសចរណ៍