ក្នុង​ចំណោម​អ្នក​លង់ទឹក ៥​នាក់​ម្សិលមិញ គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​នៅ​រស់

0

ព្រះ​សីហ​នុ​៖ ប្រតិបត្តិការ​នៃ​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​ករណី​លង់ទឹក នៅ​ចំណុច​ឆ្នេរ​ជំទាវ​ម៉ៅ ស្ថិត​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​១៥ និង​០៥​នាទី ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២១ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់ ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​បិទ​បញ្ចប់​បន្ទាប់​ពី​ជន​រង​គ្រោះ​ចុង​ក្រោយ​ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​០១ និង​០០​នាទី រំលង​អា​ធ្រា​ត ចូល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១​។

សូម​ជម្រាប​ជូន​ថា​ជន​រង​គ្រោះ​មាន​គ្នា​ចំនួន​០៥​នាក់ ដែល​មាន​រាយ​ឈ្មោះ​ដូច​ខាងក្រោម​៖
១.​ឈ្មោះ ឡេ​ង ឌៀប ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​អូរ​ឧក​ញា​៉​ហេង ឃុំ​អូរ​ឧក​ញ្ញា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ស្លាប់​)​។
២.​ឈ្មោះ ឡេ​ង សុខ​ជា ភេទ​ប្រុស អាយុ​១០​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​សង្គ្រោះ​បាន​)​។
៣.​ឈ្មោះ ឡេ​ង ជ្រូក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ស្លាប់​)​។
៤.​ឈ្មោះ ឡេ​ង ដាវ ភេទ​ប្រុស អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ស្លាប់​)​។
៥.​ឈ្មោះ​ឡេ​ង សុជាតា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ស្លាប់​)​។

តាម​ការ​បំភ្លឺ របស់​ឈ្មោះ ឡេ​ង យុ​ឹ​ង ត្រូវជា​ឪពុក​របស់​ឈ្មោះ ឡេ​ង សុខ​ជា បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ទាំង​០៥​នាក់ បាន​ចុះ​លេង​ទឹកសមុទ្រ​នៅ កន្លែង​កើតហេតុ​ខាងលើ ក្នុង​ខណៈ​ពេល​នោះ ឈ្មោះ ឡេ​ង ដាវ បាន​លង់ទឹក បន្ទាប់​មក​បងប្អូន​ទាំង​០៤​នាក់​ដែល​កំពុង​លេង​ទឹកជា​មួយ​បាន​នាំ​គ្នា​ទៅ​ជួយ ទើប​បណ្តាល​ឱ្យ​ទឹក​រលក​បោក​ទាញ​យក​ទៅ​តាម​ទឹក​បាត់​អស់ ក្នុង​នោះ​ឈ្មោះ ឡេ​ង សុខ​ជា ដែល​បាន​ពាក់​ពោង​រូប​ក្ងាន ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​។ ចំណែកឯ​ឈ្មោះ ឡេ​ង ឌៀប ក៏​ត្រូវ​បាន​ជួយ​បាន​ភ្លាម​ៗ​ដែរ តែ​បាន​ស្លាប់​ក្រោយ​ពី ស្រង់​យក​មក​លើគោក​។ ជាមួយ​គ្នា​នេះ ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​ឱ្យ​ក្រុម​ជួយ​សង្គ្រោះ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​បន្ត​ស្វែងរក​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​ឱ្យ​បានឃើញ លុះដល់​ម៉ោង​១៧ និង​៥០​នាទី ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សព​ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង សុជាតា និង​នៅ​ម៉ោង​២០ និង​៤៥​នាទី ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សព​ឈ្មោះ ឡេ​ង ជ្រូក ហើយ​រហូត​ដល់​ម៉ោង​០១ និង​០០​នាទី រំលង​អា​ធ្រា​ត ចូល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១ ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សព​ឈ្មោះ ឡេ​ង ដាវ​។

សូម​ជម្រាប​ជូន​ថា នៅ​តាម​រមណីយដ្ឋាន​នានា ជា​ពិសេស​បណ្តោយ​ឆ្នេរ គឺ​យើង​មាន​មន្ត្រី​នគរបាល​ទេសចរណ៍ និង​ឆ្មាំ​សមុទ្រ​ចុះ​ល្បាត និង​ត្រៀម​ជួយ​សង្គ្រោះ ព្រមទាំង​បាន​ចុះ​អប់រំ ផ្សព្វផ្សាយ បិទ​ស្លាក​សញ្ញា និង​ណែនាំ​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កំសាន្ត​អំពី​វិធានការ​សុវត្ថិភាព និង​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​ប្រចាំ​។ សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១ កន្លង​មក ក៏​មាន​ករណី​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ ដែល​ចុះ​លេង​ទឹកសមុទ្រ​ហើយ​បាន​លង់ទឹក ក្នុង​នោះ​បាន​ត្រូវ​បាន​ក្រុម​ឆ្មាំ​សមុទ្រ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។ ដោយឡែក​ករណី​ខាងលើ គឺជា​ឧបទ្ទវហេតុ​ដែល​មិន​គួរ​កើត​មាន និង​ចូលរួម​រំលែក​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​។

ជាមួយ​គ្នា​នេះ​រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​លេង​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​នៅ​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ និង​វិធានការ​សុវត្ថិភាព របស់​មន្ត្រី​ទេសចរណ៍ និង​មន្ត្រី​នគរបាល​ទេសចរណ៍ ដោយ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​មិន​ត្រូវ​បណ្តោយ​កូន​តូច​ៗ​ចុះ​លេង​ទឹក​ជ្រៅ ឬ​ក្នុង​ស្ថានភាព​ដែល​មាន​រលក​ធំ​ៗ​បោកបក់​នោះ​ទេ ដើម្បី​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ​៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ