ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចសង្កាត់ចោមចៅទី៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយបុរសម្នាក់បានប្តឹងសមត្ថកិច្ចអោយចាប់នារីម្នាក់ដែលបានយកម៉ូតូខ្លួនទៅបាត់អស់ ១០ថ្ងៃ។
ជនសង្ស័យជានារីខាងលើមានឈ្មោះ ពូន រចនា អាយុ ២២ឆ្នាំ មានទីលំនៅក្នុងក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកបុរសរងគ្រោះមានឈ្មោះ អន ម៉ន អាយុ ២៩ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយម៉ូតូដែលនារីសង្ស័យខាងលើយកទៅនោះម៉ាកឌ្រីមសង់ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FP-1727។
បើតាមការបញ្ជាក់ពីបុរសរងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ រូបខ្លួនបានណាត់នារីសង្ស័យខាងលើដែលស្គាល់គ្នាតាម ហ្វេសប៊ុក ដើម្បីទៅផឹកស៊ីនៅផ្ទះមិត្តម្នាក់ទៀត។ ស្របពេលកំពុងផឹកស៊ី ស្ត្រីខាងលើបានខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថាទៅទិញសាច់ក្លែមយកមកហូប ប៉ុន្តែក្រោយជិះចេញទៅបាត់ គឺមិនបានត្រលប់មកវិញទេ។ ដោយឃើញបែបនេះជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ដើម្បីស្វែងរកចាប់ខ្លួនស្ត្រីនោះ។
លុះដល់ថ្ងៃកើតហេតុខាងលើ ទើបជនរងគ្រោះបានឃើញស្ត្រីសង្ស័យ នឹងបាននាំជនសង្ស័យទោកាន់ប៉ុស្តិ៍នគរបាល។ ក្រោយធ្វើការសាកសួរ ស្ត្រីសង្ស័យបានបញ្ជាក់ខ្លួនបានយកម៉ូតូនោះទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវ បានចំនួន៣០០ដុល្លារ។ នៅពេលនេះសមត្ថកិច្ចបាន កសាងសំណុំរឿងនេះ នឹងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕