ត្រី​រាជ​មួយ​ក្បាល ទម្ងន់​ប្រហែល ១២០​គីឡូ ត្រូវ​បាន​ប្រលែង​ចូល​ក្នុង​ទន្លេ​វិញ

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ត្រី​រាជ​មួយ​ក្បាល ដែល​មាន​ទំងន់​ប្រមាណ ១២០​គីឡូក្រាម នឹង​ប្រវែង​ប្រហែល ២.៥​ម៉ែត្រ ត្រូវ​បាន​ជាប់​សំណាញ់​របស់​ប្រជា​នេសាទ​នៅ​តំបន់​ព្រែក​តា​មា​ក់​។ ហើយ​ត្រី​រាជ​ខាងលើ ត្រូវ​បាន​ដោះ​លែង​ចូល​ទៅ​ក្នុង​ទន្លេ​វិញ​ផង​ដែរ នៅ​ត្រង់​ចំណុច​ព្រែក​តា​កូវ​។

បើ​តាម​ប្រភព​ពី​គណនី​ហ្វេ​ស​ប៊ុ​ក Souden Ly បាន​បញ្ជាក់​ថា “​នា​រាត្រី​ថ្ងៃអាទិត្យ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ នេះ ខ្ញុំ​បាន​ជួយ​សង្គ្រោះ​ត្រី​រាជ​មួយ​ក្បាល (Mekong Giant Catfish) ទម្ងន់​១២០​គីឡូ ប្រវែង​ប្រហែល​២.៥​ម៉ែត្រ ដែល​ត្រូវ​បាន​ជាប់​សំណាញ់​របស់​ប្រជា​នេសាទ​នៅ​តំបន់​ព្រែក​តា​មា​ក់ ទន្លេមេគង្គ​លេ​ី​។ ត្រី​រាជ​ដ៏​ធំ​នេះ​ត្រូវ​បាន​ដោះ​លែង​ចូល​ក្នុង​ទន្លេមេគង្គ​វិញ​នៅ​ត្រង់​ចំណុច​ឃុំ​ព្រែក​តា​កូវ ដោយ​មាន​សុខ​ភាពរឹងមាំ​ល្អ​មិន​មាន​របួស​ស្នាម​ធំដុំ​ទេ​។ ត្រី​រាជ​ជា​ត្រី​ដែល​ស្ថិត​ក្នុង​បញ្ជី​ជិត​ផុត​ពូជ និង​ជា​ប្រភេទ​ត្រី​កម្រ​បំផុត​របស់​កម្ពុជា​យេ​ី​ង​ទាំងអស់​គ្នា ដែល​តម្រូវ​អោយ​យេ​ី​ង​គ្រប់​ៗ​រូប​ចូលរួម​ការពារ​ប្រឆាំង​ការ​បរិភោគ ការ​នេសាទ និង​ការ​ជួញដូរ​គ្រប់​រូបភាព​។ សូម​ចូលរួម​ថែរក្សា​អភិរក្ស​ធនធាន​មច្ឆជាតិ​របស់​កម្ពុជា​យេ​ី​ង​អោយ​បាន​គង់វង្ស​ជា​និរន្ដរ៍​តទៅ !”​។

គួរ​បញ្ជាក់​ថា​ត្រី​រាជ​ស្ថិត​ក្នុង​អំបូរ ប៉ង់​ហ្គា​ស៊ី​ដេ (Pangasiidae) ហើយ​មានឈ្មោះ​ជា​ភាសា​អង់គ្លេស Mekong Giant Catfish និង​មានឈ្មោះ​វិទ្យាសាស្ត្រ Pangasianodon gigas ដែល​អាច​មាន​ប្រវែង​រហូត​ដល់ ៣​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ ៣០០​គីឡូក្រាម​។ ត្រី​រាជ​ស្ថិត​ក្នុង​ក្រុម​ត្រី​ដែល​ពុំ​មាន​ស្រកី មាន​ស្បែក​រលោង មាន​ពុកមាត់​ខ្លី​០២​គូ និង​មាន​ព្រុយ​ខ្នង​ច្បាស់ និង​មាន​ទ្រនុង​រឹង​ចំនួន​០៧ ព្រុយ​ខ្លាញ់​តូច ព្រុយ​គូទ​វែង​មិន​ជាប់​ជាមួយ​កន្ទុយ និង​មាន​មាត់​នៅ​នៅ​ខាងក្រោម​៕