ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយប្រពន្ធសម្ពាធទាបចាប់កើតសារជាថ្មី ភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្ម ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង និងអូសកាត់បញ្ឆិតព្រះរាជាណាចក្រកម្ពុជាផ្នែខាងជើង ដែលអាចនឹងធ្វើអោយមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។
ទន្ទឹមនឹងនេះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នឹងអាចមានវិសម្ពាធមួយកើតឡើងនៅសមុទ្រចិនខាងត្បូង នឹងអាចបង្កើតឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី១៥ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយធ្វើដំណើរឆ្ពោះមកប្រទេសវៀតណាម ដែលនឹងអាចមានឥទ្ធិពលគួរអោយកត់សំគាល់ នៅតំបន់ភាគឦសានរបស់កម្ពុជា៕

