រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ

0

ភ្នំពេញ៖ ក្រោយមានការប្រតិកម្មពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះករណីមន្ត្រីកសិកម្មធ្វើការរឹបអូសយកសាច់សត្វពពែ ដែលប្រជាពលរដ្ឋ សម្លាប់ ដោយចោទថាមិនបានសុំច្បាប់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ ហើយបានបញ្ជាក់អោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាល ខេត្តធ្វើការបកស្រាយអំពីបញ្ហាខាងលើ។

ស្រាប់តែមុននេះបន្តិច រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានធ្វើការខំមិនបញ្ជាក់នៅក្នុងផេកសម្តេចតេជោ ដោយបញ្ជាក់ថា “ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា​៖ ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។ ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពង់បំផុតពីខ្ញុំបាទ”៕