ឃើញម្ចាស់កំពុងដេកលក់ លោកចោរជើងល្អ ផ្លោះរបងចូលលួច យកធុងបាសបាន ១ឈុត

0

ភ្នំពេញ៖ ឃើញម្ចាស់កំពុងដេកលក់ ចោរ ២នាក់ ផ្លោះរបងចូលលួចយកធុងបាស ទាំងយប់ត្រូវកម្លាំងសមត្ថកិច្ចស្រុកសំពៅលូន ឃាត់ខ្លួនបានភ្លាមៗ ។

ប្រតិបត្តិការនេះធ្វើឡើងដោយ អនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួល នីតិវិធីពីលោក កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ។

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣និង៩នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកសំពៅលូន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដា បានបង្ក្រាបករណីលួច (យកធុងបាស) ចំនួន ១ករណី នៅចំណុចក្រុមទី ១ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតឡើង នៅវេលាម៉ោងប្រហែល ២ រំលងអាធ្រាត ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច ក្រុមទី៨ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ចំនួន ២នាក់៖ ១.ឈ្មោះ អឿន រុន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង, ២.ឈ្មោះ វណ្ណា តុលា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅស្នាក់បណ្ដោះអាសន្ន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពផ្លោះរបងចូលក្នុងបរិវេណ ផ្ទះរបស់ប្រជាពលរដ្ឋ ហើយលួចយកធុងបាស ១ ឈុត ចំនួន ៥ គ្រាប់ ដែលជារបស់ជនរងគ្រោះឈ្មោះ សុត វ៉ិត ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំងពីរនាក់ បានលីធុងបាសនោះចេញមកក្រៅ ភ្លាមនោះក៏មានប្រជាពលរដ្ឋរាយការណ៍ ជូនដល់សមត្ថកិច្ចយើង កម្លាំងជំនាញក៏បានចុះ ទៅដល់កន្លែងកើតហេតុ និងបានតាមស្រាវជ្រាវកំណត់មុខសញ្ញា ហើយឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ព្រមទាំងដកហូតវត្ថុតាងយក មកកាន់អធិការនគរបាល ស្រុកសំពៅលូនតែម្តង ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបាន ធ្វើការឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាចោរកម្មចំនួន ២នាក់ មានឈ្មោះខាងលើ ចាត់ការបន្តតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងធុងបាស ១ឈុត ដែលដកហូតបាននោះ ត្រូវបានកម្លាំងសមត្ថកិច្ចយើង ប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញ ៕