ភ្នំពេញ៖ បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ពីសំណាក់លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពេលនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា- ជប៉ុន មង្គលបូរី ត្រូវបានដកចេញពីតំណែង ដាក់ជំនួសដោយលោកវេជ្ជបណ្ឌិត ទុ បារាំងឡើងជាប្រធានវិញ ។
បើតាមលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងករណីខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រង របស់លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គល បូរី ដំណឹងនេះបានដឹងដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែរ។
លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបាន ឲ្យដឹងថា ក្រោយពីមាន រឿង ក្នុងករណីខ្វះ ទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រួចមកមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាវិន័យហើយបាន បោះស្ទាបស្ទង់មតិផ្គូរផ្គងស្នើសុំជាបេក្ខជនត្រូវធ្វើជាប្រធានថ្មី ក្នុងនោះ មតិភាគច្រើនបានស្នើសុំផ្តល់ទំនុកចិត្ត ដល់លោក ចក្ខុបណ្ឌិត ទុ បារាំង អនុប្រធានឲ្យឡើងជាប្រធានថ្មី។
សូមបញ្ជាក់ថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីនេះ បានកើតឡើងក្រោយ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន ទៅបរិច្ចាគឈាម ដើម្បីជួយវរសេនីយ៍ទោម្នាក់ជាអង្គរក្ស សម្តេចតេជោ ដែលរលាកខ្នែងពោះវៀន កម្រឹតធ្ងន់ ហើយត្រូវវះកាត់ ប៉ុន្តែក្នុងឃ្លាំងឈាមនៃមន្ទីរពេទ្យ ថាគ្មានឈាម។
ការបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានសរសេរបង្ហោះ ក្នុងគណនីហ្វេសប៊ុក ឯកជននិងផ្លូវការ របស់លោកមាន ខ្លឹមសារថា កាលពីយប់ ម៉ោង១០ និង០៥នាទី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះលោកអិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារ អង្គរក្សសម្តេចតេជោ ដែលមានបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ។ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នក ឲ្យឈាមជំនួស និងបង់ថ្លៃសេវា ជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េច ចំពោះអ្នកគ្រប់គ្រង ដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋ តែងតែរអ៊ូរទាំ លើការផ្តល់សេវា របស់ប្រធានមន្ទីរពេទ្យខេត្ តខាងលើនេះ៕