ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ សង្កាត់រដ្ឋបាលផ្សារកណ្ដាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួន ចាប់ខ្លួនពាក់ព័ន្ធករណី លក់និងជក់ថ្នាំញៀន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ ចំនុចបន្ទប់ជួលរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល បានអត់ដឹងនៅថ្ងៃទី៥ ខែកញ្ញាឆ្នាំ ២០២១នេះថា ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន រួមមាន៖
១.ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនប្រាកដ
២.ឈ្មោះ ស៊ី តូច ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ
៣.ឈ្មោះ ចោម សុឃា ភេទស្រី អាយុ២៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ ផ្សារកណ្តាល មុខរបរកម្មកររោងចក្រ។
លោកនាយប៉ុស្តិ៍ ប្រឹម សុផល បានបន្តថា មុនចាប់ខ្លួន ពេលឃើញសមត្ថកិច្ចល្បាត ភ្លាមនោះឈ្មោះ ភាព សុផាវ៉ាន់ ភេទប្រុស បានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃមុខបន្ទប់ បន្ទាប់មកកម្លាំង ប៉ុស្តិ៍បានយកប្រអប់ទូរស័ព្ទ មកបើកមើលស្រាប់តែ នៅក្នុងនោះមានថ្នាំញៀនប្រភេទ ម្ស៉ៅក្រាមពណ៌សរថ្លា ចំនួន០២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់ច្រកថ្នាំមួយ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា យកការដឹកនាំបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល នីតិវិធីដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញារអមសាលាដំបូង ជនសង្ស័យទាំង៣នាក់ ត្រូវបានចាប់ខ្លួន យកមកសួរនាំ ជាមួយនឹងវត្ថុតាង ពួកគេបានសារភាពថា ថ្ម្នាំញៀនទំាងអស់ ជារបស់ឈ្មោះភាព សុផាវ៉ាន់ ដែលទិញពីឈ្មោះ តាក់ ភេទប្រុស អាយុ៣០ឆ្នាំ។
បច្ចុប្បន្នកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕