ភ្នំពេញ៖ បន្ទាប់ពីបានទទួលដំណឹង ពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន ៣នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្រ្តីជំនាញ របស់អគ្គនាយកដ្ឋាន ចុះពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគ រកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។
កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះដល់កន្លែងកើតហេតុ និងបានរកឃើញ និងយកគំរូស្រាដែលជនរងគ្រោះ បានបរិភោគសល់ យកមកវិភាគនៅមន្ទីរពិសោធន៍ រកសារធាតុមេតាណុល ដែលជាសារធាតុពុល។
យោងតាមលទ្ធផលវិភាគ របស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បាន បង្ហាញឱ្យឃើញថា៖ ក្នុងចំណោមគំរូស្រាចំនួន ៥គំរូ ដែលទទួលបានពីកន្លែងកើតហេតុ មាន០៣គំរូមានវត្តមាន សារធាតុមេតាណុលពី ១.៣% រហូតដល់ ៨.៨% លើសពីកម្រិតអនុញ្ញាត (០.១៥%) ពី១៣ ដល់ ៨៨ដង ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុត សម្រាប់អ្នកបរិភោគ។
បន្ទាប់ពីទទួលបានលទ្ធផលវិភាគ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមានការសម្របសម្រួល ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិត នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈកែច្នៃស្រា មួយចំនួនសម្រាប់ធ្វើជាវត្ថុតាង។
ជាមួយគ្នានេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង ចំនួន ៤៨យួរ (មួយយួរ១២ដប) មករក្សាទុកជាបណ្តោះអាសន្ន។ មន្រ្តីជំនាញនឹងបន្តចុះ ប្រមូលនៅតាមបណ្តាផ្សារ និងទីតាំងចែកចាយនានា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការបរិភោគស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង ជាបន្ទាន់ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក។ សូមអំពាវនាវដល់អាជីវករទាំងអស់ បញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង និងសូមទាក់ទងប្រគល់ជូន អគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកំទេចចោល ៕