ចង់ស៊ីដាច់ម៉ូតូមិត្តភ័ក្រ្ត​ តែស៊ីមិនទាន់ដាច់ផង ក៏ត្រូវសមត្ថកិច្ចក្របួចជាប់

0

ភ្នំពេញ៖ កាលពីថ្ងៃទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​អនុវត្តតាម ​យោបល់ដឹកនាំរបស់លោក​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់របស់លោក​​វរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរង​ ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្រប សម្រួលលើនីតិវិធីពីលោក​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង ខេត្តបាត់ដំបង​ផងនោះ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រំ​លោ​ភ​ លើ​ទំនុកចិត្ត​ (​ស៊ីដាច់ម៉ូតូ​) មិត្តភ័ក្រ ១​ករណី​ និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ១​នាក់​ឈ្មោះ​ រស់​ រុន​ ភេទ​ប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បាក់​អំរែក​ ឃុំ​ព្រែកហ្លួង​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើការស្រាវជ្រាវ ។

វត្ថុតាង​ដកហូត​រួម​មាន​៖ ម៉ូតូ ១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៨​ ពាក់ស្លាកលេខ​បាត់ដំ​បង​ 1AD-3190 ។

សូមជម្រាបជូនថា​ កាល​ពី​ថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២១​ វេលាម៉ោង​១០និង៣០​នាទី​ ជនសង្ស័យ​ខាងលើ​ បាន​ធ្វើសកម្មភាព​ ខ្ចី​ម៉ូតូ​ របស់​ជនរងគ្រោះ​ ឈ្មោះ​ អ៊ូច​ សុខគា​ ភេទប្រុស​ អាយុ​ ២២​ឆ្នាំ​ មានទីលំនៅ​ ភូមិ​អូរកំបុត​ ឃុំ​ព្រែកខ្ពប​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ពេលខ្ចីបានហើយក៏ជិះ​យក​ទៅ​បាត់​រហូត​(ចង់ស៊ីដាច់) មិនយកមកប្រគល់ឱ្យម្ចាស់វិញឡើយ ។

ដោយមិនឃើញជនសង័្សយ យកម៉ូតូដែលខ្ចីនោះមកឱ្យខ្លួនវិញ ជនរងគ្រោះក៏ប្តឹងចូលមក សមត្ថកិច្ចនគរបាល​ ហើយតាមរយៈការស្រាវជ្រាវ រហូត​ដល់​ថ្ងៃទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១១​និង០០​នាទី ​សមត្ថកិច្ច​ធ្វើការ​នាំខ្លួន​ជនស​ង្ស័យ​ខាងលើ ​​មក​កាន់​ស្នងការដ្ឋាន​រួមទាំងវត្ថុតាងម៉ូតូ របស់ជនរងគ្រោះផង ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ ​បានធ្វើការ​កសាងសំណុំរឿង ​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់ រីឯម៉ូតូប្រគល់ជូនជនរងគ្រោះវិញ​ ៕