នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ MG បានបង្ហាញថា ពួកគេអាចធ្វើការកែច្នៃខ្សែ សម្រាប់ភ្ជាប់ឧបករណ៍ បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple មានដូចជាខ្សែប្រភេទ Lightning និង USB-C ដើម្បីលួចទាញយកទិន្នន័យ នៅពេលដែលអ្នកប្រើប្រាស់ វាយបញ្ចូលលេខសម្ងាត់ឬព័ត៌មានផ្សេងៗ។
ពួកគេបានឱ្យឈ្មោះខ្សែ ដែលបានកែច្នៃនេះថាខ្សែ OMG ហើយវាជាមានបង្កប់មកជាមួយ នឹងបន្ទះឈីបតូចមួយដែលអាចបង្កើត Wi-Fi hotspot ដែលអាចឱ្យជនខិលខូចភ្ជាប់ ដើម្បីទាញយកទិន្នន័យ។ ការកែច្នៃនេះបង្ហាញឱ្យឃើញថា ទោះបីជាខ្សែប្រភេទ USB-C ដែលមិនមានទំហំធំក្ដី ក៏ក្រុមអ្នកស្រាវជ្រាវអាចនៅតែ ធ្វើការកែច្នៃបន្ថែមបន្ទះឈីបបានទៀត។
ដូច្នេះដើម្បីសុវត្ថិភាព ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា លោកអ្នកគួរតែចៀសវាង ប្រើខ្សែភ្ជាប់ដែលមាននៅទីសាធារណៈ ព្រោះជនខិលខូចអាចលួចបន្លំ ដាក់ខ្សែដែលបានកែច្នៃនៅទីនោះ ដើម្បីលួចទាញយកទិន្នន័យ នៅពេលដែលលោកអ្នកប្រើ ឧបករណ៍ទាំងនោះ ៕