ក្លាយជាឃាតករ ទាំងវ័យក្មេង!

0

ភ្នំពេញ៖ ក្មេងប្រុស២នាក់ ដែលមានអាយុទើបតែ ៩និង១៤ឆ្នាំ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក្រោយប្រើហឹង្សាដោយចេតនា គឺយកខ្សែសាកថ្មទូរសព្ទ មកទាក់រឹតក ក្មេងស្រីអាយុ៤ឆ្នាំ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអធ័ម។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៣០សីហា ក្មេងប្រុសស្រីទាំង៣នាក់ បាននាំគ្នា រត់ប្រឡែងគ្នាលេង នៅវាលស្រែ ។ ក្រោយមក ស្រាប់តែក្មេងប្រុសឈ្មោះម៉ុក មិថុនា បានយកខ្សែ សាកថ្មទូរសព្ទមកទាក់រឹត កក្មេងស្រីរងគ្រោះ ហើយថែមទាំងបានវាយមូលក្ដិច។ ដល់ព្រឹកថ្ងៃទី ៣១ខែសីហា ក្មេងស្រីនេះ មានអាការៈឈឺចុកចាប់រហូត បានស្លាប់តែម្តង។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្មេងប្រុស២នាក់ ត្រូវបាននាំខ្លួនយក មកសាកសួរក្នុងករណី យកខ្សែ សាកថ្មទូរសព្ទមកទាក់ក ហើយថែមទាំងបានវាយបណ្ដាលឱ្យក្មេងស្រី រងគ្រោះស្លាប់កាលពីថ្ងៃទី ៣១ខែសីហា ឆ្នាំ២០២១។

ក្មេងប្រុសដែល ជាប់ការសង្ស័យឈ្មោះ ម៉ុកមិថុនា អាយុ៩ឆ្នាំនិងឈ្មោះម៉ុកកក្កដា អាយុ ១៤ ឆ្នាំជាសិស្សរស់នៅ ភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ចំណែកក្មេងស្រីរងគ្រោះឈ្មោះរិទ្ធ ពិសី អាយុ៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

បច្ចុប្បន្ន សមត្ថកិច្ច មូលដ្ឋានបានបញ្ជូន ក្មេងប្រុសសង្ស័យទាំង២នាក់ ទៅអធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្ត៕