ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងតាម បណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៣១ សីហាថា សុខទុក្ខអ្នកវិនិយោគគិនបរទេស គឺជាសុខទុក្ខប្រមុខដឹកនាំកម្ពុជា ល្មមដល់ពេលប្រកបអាជីវកម្ម ត្រឹមត្រូវហើយ ។
ខាងក្រោមនេះជាសំណេរទាំងស្រុង របស់លោក ដួង តារា ដែលបានសរសេររៀបរាប់ ពីករណីរឿងទិញលក់ដី របស់ជនជាតិចិន៖
កាលពីពេលថ្មីៗនេះ មានអ្នកវិនិយោគជនជាតិចិនម្នាក់ បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីករណីវិវាទដីធ្លីដែលគាត់បាន ចំណាយប្រាក់ជិត៣លានដុល្លារ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ បានទទួលឯកសារកម្មសិទ្ធិដីនៅឡើយ។
ជនជាតិចិនម្នាក់នេះ បានទិញដីពីមន្រ្តីម្នាក់ដែលអះអាងថា មានដីលក់អោយគាត់ ដោយបាននាំគាត់ទៅបង្ហាញទីតាំងដី ដែលធ្វើអោយគាត់ ពេញចិត្តយ៉ាងខ្លាំង។ ដោយជំនឿទុកចិត្តលើមន្រ្តីនោះ អ្នកវិនិយោគចិនបានបង់ប្រាក់ជិត ៣លានដុល្លារ ដល់មន្រ្តីនោះ ជាថ្លៃទិញលក់ដី (មានទាំងរូបថតទទួល ប្រាក់ទាំងដុំៗទៀតផង)។
មន្រ្តីរូបនោះក្រោយពីបាន ទទួលលុយដ៏ច្រើនសន្ធឹកនេះហើយ គឺបានសន្យាថានឹងខិតខំរៀបចំ ផ្ទេរប័ណ្ណកម្មសិទ្ធិជូនអ្នកទិញ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១នេះ គឺអ្នកទិញនៅរង់ចាំមិនទាន់បានទទួល ប័ណ្ណកម្មសិទ្ធិដីនៅឡើយ។ តាមពិតទៅគាត់បានទិញដីនេះ តាំងពីឆ្នាំ ២០១៩ មកម៉្លេះ។
ចំពោះមូលហេតុយើង នៅមិនទាន់ដឹងច្បាស់នៅឡើយទេ… អាចថាមន្រ្តីជំនាញកំពុងធ្វើការ.. ឬមួយអត់មានដីលក់អោយគេ ឬបញ្ហាអ្វីផ្សេង។ ដោយសារមិនអាចទ្រាំ រង់ចាំតទៅទៀតបាន ទើបគាត់សម្រេចចិត្តដាក់ពាក្យគោរពស្នើសុំ អន្តរាគមន៍មកសម្តេចតេជោ មេត្តាជួយផ្តល់យុត្តិធម៌។ ពិតប្រាកដណាស់ សុខទុក្ខរបស់បងប្អូនអ្នកវិនិយោគបរទេស មិនថាចិនឬសាសន៍ណាឡើយ គឺជាសុខទុក្ខរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
ខ្ញុំផ្ទាល់ពិតជាសោកស្តាយយ៉ាងខ្លាំង ចំពោះករណីនេះ។ សូមបងប្អូនអ្នកវិនិយោគចិន មានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ខ្ញុំនឹងខិតខំរកដំណោះស្រាយជូន អោយអស់ពីកម្លាំងកាយចិត្ត ស្របទៅតាមច្បាប់នៃប្រទេស។
នៅពេលនេះ ខ្ញុំកំពុងពិនិត្យសំណើសុំ និងឯកសារដែលអ្នកវិនិយោគចិន បានដាក់គោរពជូនសម្តេច។ ជាជំហានដំបូងខ្ញុំបានឃើញ មានកិច្ចសន្យាទិញលក់ត្រឹមត្រូវ មានមេធាវីទាំងសងខាងប្រថាប់ត្រា ត្រឹមត្រូវ មានសាក្សីត្រឹមត្រូវ ហើយអ្នកលក់ក៏បានទទួលលុយត្រឹមត្រូវ (មានទាំងរូបថតបញ្ជាក់ ពេលទទួលប្រាក់ទៀតផង)។
បើពិតដូចអ្នកទិញ បានបញ្ជាក់ប្រាប់មែន ខ្ញុំឆ្ងល់ថា មានម៉ូយទិញដីដ៏ល្អបែបនេះ ហេតុអីក៏មិនចេះរកស៊ី អោយបានត្រឹមត្រូវក្នុងផ្លូវត្រជាក់? ចាំបាច់ធ្វើវិធីកាប់ដាវក្តៅៗអញ្ចឹងធ្វើអ្វី? តើគិតថាអាចរួចពីសំណាញ់ច្បាប់ បានយូរប៉ុណ្ណា? ជាយោបល់ខ្ញុំ បើមិនមានដីលក់អោយគេទេ គួរតែប្រគល់ប្រាក់អោយគេវិញទៅ (មិនបាច់គិតការប្រាក់ទេ) គឺខ្ញុំសន្យានឹងជួយសម្របសម្រួល បញ្ចប់ជូនឈរលើគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ។
រឿងនេះអាចនឹងពាក់ព័ន្ធករណី ព្រហ្មទណ្ឌទៀតផង។ ខ្ញុំកំពុងអោយក្រុមការងារអ្នកច្បាប់ សិក្សាអោយបានលម្អិត លើឯកសារគតិយុត្តិទាំងអស់។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋ យើងគ្រប់ទីកន្លែងដោយ គ្មានការរើសអើង ៕