ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទី នៅចំណុចវត្តសូរិយា ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់ របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ សុខ ត្រេន ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរស្រាវជ្រាវជុំវិញករណីលួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងលំនៅដ្ឋាន។
សូមជម្រាបជូនថា កាលពីថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង១៥នាទី ចំណុចក្រុមទី៤ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស មួយបានកើតឡើង ដែលករណីនេះបង្កដោយ ជនស្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលធ្វើសកម្មភាពដោយ យកកាំបិតគាស់សោរទូកញ្ចក់ លួចយកទ្រព្យសម្បត្តិរបស់ ជនរងគ្រោះឈ្មោះតាំង សុគង់ ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅចំណុចកើត ហេតុខាងលើដែលក្នុងនោះ បាត់បង់ប្រាក់រៀលចំនួន ៩០០,០០០រៀល ប្រាក់ដុល្លាអាមេរិកចំនួន ២០ដល្លាររួចគេចខ្លួនបាត់។
នៅពេលដែលជនរងគ្រោះដឹង ពីករណីនេះបានរាយការណ៍ ដល់សមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខសញ្ញា បានរហូតឈានដល់ការឃាត់ខ្លួនតែម្តង។ ជាមួយនោះដកហូតបានប្រាក់ ដែលជារបស់ជនរងគ្រោះវិញ រួមទាំងទូរស័ព្ទចំនួន ១គ្រឿង និងកូនកាំបិតមួយ ។
នៅពេលនេះជនសង្ស័យ ត្រូវបានឃាត់ខ្លួនរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមផ្លូវច្បាប់ រីឯប្រាក់បានប្រគល់ជូនជនរងគ្រោះវិញ ៕