ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសបន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបម្រើដល់ដំណើរការ ចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។
វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃនេះគឺជាវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ដើម្បីយកមកបម្រើដល់ ការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវិធីសាស្ត្រដ៏ចម្បងមួយ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង ការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការ រកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។
មកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ២៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់ រាជរដ្ឋាភិបាល ពីក្រុមហ៊ុនរបស់ប្រទេសចិន។
តាមរយៈវត្តមានវ៉ាក់សាំងដែលរកបាននេះ កម្ពុជាបានចាក់ជូន ប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើង សរុបជាង ១០លាននាក់ហើយ។ ទន្ទឹមនឹងការចាក់វ៉ាក់សាំងជុំទី១ ជូនប្រជាពលរដ្ឋប្រមាណ ១២លាននាក់ ជិតរួចរាល់ហើយនោះ កម្ពុជាក៏កំពុងដំណើរការចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋក្រុមជួរមុខ ហើយក៏ត្រៀមចាក់ដូសជំរុញនេះ ជូនប្រជាពលរដ្ឋទូទៅផងដែរ ៕