ស្ត្រីខ្មែរវ័យក្មេងម្នាក់ ដែលចាញ់បោកមេខ្យល់ យកទៅលក់នៅចិន ត្រូវអាជ្ញាធរកម្ពុជា ជួយសង្គ្រោះបានហើយ

0

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ គណនីហ្វេសប៊ុកឈ្មោះ Bros Bee បានសរសេរសារផ្ញើចូល ក្នុងគេហទំព័រហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានខ្លឹមសារថា «ថ្ងៃនេះក្មួយមានទុក្ខជាទម្ងន់ បងស្រីក្មួយគេយកទៅធ្វើការនៅប្រទេសចិន សូមសម្ដេចជួយផង ឥឡូវបងស្រីរបស់ខ្ញុំគាត់រត់ចូលប៉ុស្តិ៍ប៉ូលីសហើយ ខ្ញុំរស់នៅភូមិអង្គុញ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បងស្រីរបស់ខ្ញុំឈ្មោះ អ៉ិត ឈូក ត្រូវបានគេយកទៅធ្វើការនៅប្រទេសចិន ប៉ុន្តែឥឡូវត្រូវបានគេយកទៅលក់វិញ សូមសម្ដេចមេត្តាជួយបងស្រីខ្ញុំផង ឥឡូវថ្ងៃទី១០ ខែសីហា នេះ បងស្រីរបស់ខ្ញុំត្រូវបានរត់ចូលប៉ុស្តិ៍ប៉ូលិសហើយ សូមសម្ដេចក្រឡាហោម ស ខេង ជួយបងស្រីខ្ញុំផង ពួកខ្ញុំជាកូនកំព្រាអត់មានម្ដាយឪពុកទេ គាត់បានស្លាប់អស់ហើយ សូមសម្ដេចជួយកូនផង ឥឡូវខ្ញុំបារម្ភ ខ្ញុំអត់ដឹងធ្វើម៉េចទេ បងស្រីរបស់ខ្ញុំត្រូវគេដកយកឥវ៉ាន់អស់ហើយ ខ្ញុំទាក់ទងបងស្រីអត់បានទេ សូមសម្ដេចជួយផង!» ។

សារនេះ ត្រូវបានក្រុមការងារ របស់សម្ដេចក្រឡាហោម ស ខេង ដកស្រង់ធ្វើចំណាត់ការដាក់ ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងអន្តរាគមន៍ដោះស្រាយ។ ដោយមានការឯកភាពពីឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្រុមការងារប្រតិកម្មរហ័ស អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើចំណាត់ការបញ្ជូនករណីនេះ ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជាសមត្ថកិច្ច។

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្ត្រីជំនាញនាយកដ្ឋានបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតអង្គហេតុ និងរកឃើញទីតាំង (Location) គឺស្ថិតនៅចំណុច 9VWJ+XR ស្រុកសុងស៊ីខោនទី ក្រុងណាភីង ខេត្តហ្វូជៀន ប្រទេសចិន ដែលជនរងគ្រោះស្នាក់នៅ និងបានផ្ញើទីតាំងនេះទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ជូនទៅស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសចិន សហការជាមួយអាជ្ញាធរចិន ដើម្បីជួយអន្តរាគមន៍ និងសង្គ្រោះជនរងគ្រោះ។

ជាលទ្ធផល ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ សហការជាមួយអាជ្ញាធរចិន បានជួយសង្គ្រោះជនរងគ្រោះឈ្មោះ អ៊ិត ឈូក ភេទស្រី កើតនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩១ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិត្រពាំងរំដេង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ស្ថានអគ្គកុងស៊ុលបានស្នើសុំ ចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យជនរងគ្រោះ បានត្រឡប់មកកម្ពុជាវិញ។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ជាទិសដៅ នាយកដ្ឋាននឹងបន្តសហការ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្របសម្រួលឱ្យ ជនរងគ្រោះត្រឡប់មកកម្ពុជាវិញ ហើយនៅពេលមកដល់កម្ពុជា ត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ធ្វើចត្តាឡីស័ក ហើយបន្ទាប់ពីអនុវត្តវិធានរួច ជំនាញនាយកដ្ឋាននឹងបន្តសម្ភាសន៍ ជនរងគ្រោះដើម្បីស្វែងរកព័ត៌មានបន្ថែមទៀត និងមានចំណាត់ការបន្ត។

ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងក្វាងចូវ ក៏ដូចជាអាជ្ញាធរចិន ដែលតែងតែសហការឆ្លើយតប គ្រប់សំណូមពររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ៕