ចប់! ចាប់បានអាល់កុល ក្លែងក្លាយជិត ៣០តោន នៅរាជធានីភ្នំពេញ

0

ភ្នំពេញ៖ កាលរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការ ត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១ ១៨៦.៥០លីត្រ ដែលបានដាក់តាំងលក់ នៅតាមបណ្តាឱសថស្ថាន និងផ្ទះលក់ទំនិញនានា។

បន្ទាប់ពីបានរកឃើញការចរាចរណ៍ អាល់កុលក្លែងក្លាយទាំងនេះ មន្រ្តីជំនាញបានធ្វើការស្រាវជ្រាវ រកប្រភពផ្គត់ផ្គង់ និងឈានទៅកំណត់ទីតាំងឃ្លាំងស្តុក និងចែកចាយមួយកន្លែង ដែលស្ថិតនៅសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយទទួលបានកិច្ចសហការ ពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលផែនសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ មន្រ្តីជំនាញបានចុះត្រួតពិនិត្យ ទីតាំងស្តុកខាងលើ ដោយបានរកឃើញ អាល់កុលក្លែងក្លាយឬមេតាណុលចំនួន ៧៥៦ប៊ីដុង និង៧៩១យួរ ស្មើនឹង ២៧ ៤២៦ លីត្រ បន្ថែមទៀត។

សរុបអាល់កុលក្លែងក្លាយ ដែលបង្ក្រាបបាននៅថ្ងៃនេះ មានចំនួន ២៨ ៦១២.៥០លីត្រ ដែលមានទម្ងន់ប្រមាណជាង ២៨តោន។ បច្ចុប្បន្ន អាល់កុលក្លែងក្លាយខាងលើ ត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត ៕