ភ្នំពេញ៖ រថយន្តម៉ាកតូយូតាហី លុចរ៉េវូ ពាក់ផ្លាកលេខ នគរបាលបានបើកក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ដួលអស់មួយដើមទៅមុខលែងរួច។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅក្បែរប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែទី២ តាមផ្លូវលេខ១៨០០ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។
មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា មុនកើតហេតុរថយន្តស៊េរីទំនើប ម៉ាកតូយូតាហីលុចរ៉េវូ ពាក់ផ្លាកលេខនគរបាល 2-0148 បើកតាមផ្លូវលេខ១៨០០។ មកដល់កន្លែងកើតហេតុបានរេចង្កូត ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹងបណ្ដាលឱ្យបាក់ដួល មួយដើមរីឯរថយន្តមុខលែងរួច។
បន្ទាប់មកនគរបាលជំនាញ បានចុះមកយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ការចាំដោះស្រាយ សំណងសម្បត្តិរបស់រដ្ឋ ៕



