ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានការ ស្រាវជ្រាវបង្ក្រាបករណី អំពើចោរកម្ម (លួចទូរដែក) មួយករណីកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី ទៀបភ្លឺ មានចោរបានលួចចូល ទៅក្នុងបន្ទប់លេខ8720 នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូរដែក០១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូរដែកនោះមានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិការដៃ ១គ្រឿង។
បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ២០និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕