ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួល លើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១លើក នៅថ្ងៃទី២៦៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៧២ ក្រុមទី២ ភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ឈ្មោះ រ៉ឹម រីណា ហៅ ដា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុមទី០២ ភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះលេខ៧២ ក្រុមទី០២ ភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។
ជនរងគ្រោះឈ្មោះ ហែម រ៉ុង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ដោយជនសង្ស័យស្រវឹងស្រា បានយកដំបងឈើជ្រុង វាយលើជនរងគ្រោះបណ្តាលឲ្យរងរបួសបែក ចេញឈាមលើផ្ទៃមុខ និងកំពួនដៃរហូតដល់សន្លប់បាត់ស្មារតី នៅហ្នឹងកន្លែងកើតហេតុ ។
ករណីនេះ នគរបាលស្រុកបានរៀបចំ កសាងសំណុំរឿងបញ្ជូន មកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕