ភ្នំពេញ៖ កាលពីថ្ងៃទី២៥ខែ សីហា ឆ្នាំ២០២១ អនុវត្តតាមយោបល់យោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោសេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំបង្រ្កាប និងឃាត់ខ្លួនជនសង័្សយចំនួន ១នាក់ក្នុងករណីប្រព្រឹត្តអំពើ លួចដោយមានស្ថានទម្ងន់ទោស នោះគឺឈ្មោះ សូ សំណាង ភេទប្រុសអាយុ៣៥ ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង, កង់រទេះគោចំនួន ២, រទេះអូសចំនួន ១ និងពូថៅដងឈើចំនួន១ ។
បន្ទាប់ពីឃាត់ខ្លួនបាន នាំយកមកកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បី សាកសួរស្រាវជ្រាវ។
សូមជម្រាបជូនថា កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃកើតហេតុនេះ នៅចំណុចក្រុមទី១២ ភូមិក្បាលខ្មោចឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ដំបូលជង្រុកស្រូវ) ចូលលួចទ្រព្យសម្បត្តិមួយកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយចំនួន០២នាក់ បានធ្វើសកម្មភាពគាស់ដំបូលជង្រុក ចូលលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ អ៉ិន ផាន់ណា ភេទស្រីអាយុ៥១ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង លួចយកទ្រព្យសម្បត្តិដូចខាងលើ។
ក្នុងខណៈពេលកំពុងធ្វើសកម្មភាពនេះ ត្រូវបានមហាជនបានដឹង និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ហើយភ្លាមៗសមត្ថកិច្ចនគរបាលចេញ អន្តរាគមន៍បង្រ្កាបឃាត់ខ្លួន ជនសង័្សយបានម្នាក់ក្នុង ខណៈបក្សពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវទ្រព្យសម្ភារៈ របស់ជនរងគ្រោះនៅទីនោះ ដែលពួកគេមិនអាចយកទៅបាន។
នៅក្រោយពេលសាកសួរ ធ្វើកំណត់ហេតុរួច ជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ន និងរៀបចំបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមច្បាប់ រីឯទ្រព្យសម្ភារៈរបស់ជនរងគ្រោះ បានប្រគល់ជូនគាត់វិញ ៕