ធ្វើគុណបានទោស! ប្រពន្ធហៅបងប្អូនជីដូនមួយ ឲ្យជួយកោសខ្យល់ឲ្យ ប្ដីមកឃើញទាញដំបង វាយផុងលលាដ៍ក្បាល

0

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ សីហានេះថា បងប្អូនហៅអោយជួយកោសខ្យល់ ប្រយ័ត្នធ្វើគុណបានទោស បិះបាត់បង់ជីវិតដូចករណី សាយ ក្លេង ។

លោក ដួង តារា បានសរសេររៀបរាប់ ក្នុងន័យដើមទាំងស្រុងថា កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២០ ឈ្មោះ សាយ ក្លេង អាយុ៣៦ឆ្នាំ បានដាក់លិខិតសុំអន្តរាគមន៍មក សម្តេចតេជោ មេត្តាជួយផ្តល់យុត្តិធម៍ លើករណីហឹង្សាបង្កដោយ បងប្អូនជីដូនមួយឈ្មោះ ចិន ជុំ ដែលត្រូវជាប្តី ពេជ្រ ឈ្នាង បានយកដំបងជ្រុងមកវាយ សយ ក្លេង ចំក្បាលពីក្រោយបណ្តាល អោយផុងលលាដ៍យ៉ាងធ្ងន់ធ្ងរ។

ករណីហឹង្សានេះកើតឡើងនៅ ភូមិលំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលនៅពេលនោះ ប្រពន្ធរបស់ជនដៃដល់ឈ្មោះ ពេជ្រ ឈ្នាង បានសុំអោយ សាយ ក្លេង ជួយកោសខ្យល់អោយ ហើយនៅពេលនោះ ក៏មានវត្តមានកូនៗរបស់ ពេជ្រ ឈ្នាង ចំនួន៣នាក់នៅក្នុងផ្ទះ ជាមួយគ្នាផងដែរ។ លោកបានស្នើសុំ ទៅតុលាការខេត្តកំពត ជួយពិនិត្យនិងផ្តល់យុត្តិធម៍ជូន សាយ ក្លេង ផងដែរ។

នៅថ្ងៃទី ២៤ វិច្ឆិកា ២០២០ សាលាដំបូងខេត្តកំពត បានសម្រេចផ្តន្ទារទោស ចិន ជុំ ដាក់ពន្ធធនាគារ១ឆ្នាំ (តែព្យួរ) និងអោយបង់សំណងជំងឺចិត្ត និងថ្លៃព្យាបាល ៣០លានរៀល អោយទៅដើមបណ្តឹងរប្បវេណី សាយ ក្លេង ។ ប៉ុន្តែ ឈ្មោះ ចិន ជុំ មិនទាន់បានប្រគល់ ប្រាក់តាមសេចក្តីសម្រេច របស់តុលកាការនៅឡើយ។ នៅថ្ងៃទី៣ មីនា ២០២១ ជនរងគ្រោះ សាយ ក្លេង បានដាក់ពាក្យស្នើសុំអនុវត្តន៍ ដោយបង្ខំលើសាលក្រមស្ថាពរ របស់សាលាដំបូងខេត្តកំពត ហើយបន្ទាប់មកក៏មានដីការកោះឈ្មោះ ចិន ជុំ ចេញដោយព្រះរាជអាជ្ញារង កាលពីខែមេសា ២០២១ កន្លងទៅ។ ប៉ុន្តែមកទល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះ ចិន ជុំ នៅតែមិនទាន់បានបង់ប្រាក់ តាមសេចក្តីសម្រេច របស់តុលាការនៅឡើយ។

ដោយឡែក កាលពីថ្ងៃទី៤ សីហា ២០២១ ព្រះរាជអាជ្ញាមហាអយ្យការ អមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ចេញដីការកោះ សាយ ក្លេង និងសាក្សីម្នាក់ទៀត ដើម្បីសាកសួរពីដំណើររឿង “រំលោភសេពសន្ថវៈ” ។ ហេតុនេះហើយ សាយ ក្លេង បានដាក់លិខិតសុំអន្តរាគមន៍លើកទី២ គោរពជូនសម្តេចមេត្តា ជួយជួយផ្តល់យុត្តិធម៍បន្ថែមទៀត។

សាយ​ ក្លេង​ មានប្រពន្ធនិងកូន ៦នាក់ក្នុងបន្ទុក។ ជីវភាពសព្វថ្ងៃលំបាកខ្លាំង។ គាត់នៅជំពាក់ប្រាក់ខ្ចីគេ​ មកព្យាបាលក្បាលដល់សព្វថ្ងៃ។ មុខរបរប្រពន្ធគាត់គឺ ធ្វើការជាអ្នកបកបង្គារក្តាម អោយគេមួយថ្ងៃបាន ១ម៉ឺន៥ពាន់រៀល។ ដោយឃើញសភាពលំបាកក្រីក្រ ទ្រុឌទ្រោមទំាងម្តាយ និងកូន លោក ដួង តារា បានជួយថ្លៃសោហ៊ុយធ្វើដំណើរ​ និងទឹកផ្លែឈើមួយកេះដល់គាត់ ៕