ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចដីថៃ ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រ ក្រុមទី១ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាន នគរបាលស្រុកសំពៅលូន ដឹកនាំដោយលោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក សហការជាមួយកម្លាំង ប៉ុស្តិ៍ការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៨១៧ , កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនាតូច៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនចំណុចខាងលើ បង្ក្រាបករណីការនាំយកចេញដោយ មិនស្របច្បាប់សម្រាប់នាំឆ្លងដែន (ចូលទៅក្នុងប្រទេសថៃ )ដែលបង្កឡើងដោយជនសង្ស័យ ជាមេខ្យល់ចំនួន ២នាក់ ។
ជនសង្ស័យទាំង ២នាក់រួមមាន៖ ១-ឈ្មោះ យឹម ជឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ,២-ឈ្មោះ មិត្ត ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាព លួចនាំពលករចំនួន ៦នាក់ (ស្រី ៤នាក់) ឆ្លងដែនខុសច្បាប់ ចូលទៅក្នុងប្រទេសថៃ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យជាមេខ្យល់ចំនួន ២នាក់ មានឈ្មោះខាងលើ ចាត់ការបន្តតាមនីតិវិធីច្បាប់ ចំពោះពលរដ្ឋទាំង ៦នាក់ កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា និងឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ៕