ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដម៉ាកឡិចស៊ីស ពាក់ផ្លាកលេខខេមរភូមិន្ទ 01 2-6945 បានបុកម៉ូតូមួយគ្រឿងម៉ាហុងដា ពណ៌ខ្មៅគ្មានផ្លាកលេខ នៅបណ្ដោយផ្លូវឯករាជ បត់កែងឡើងទៅបេនឡាន មហោស្រពចាស់ ទល់មុខស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្ថិតក្នុងភូមិ ២ សង្កាត់លេខ២ ក្រុង / ខេត្តព្រះសីហនុ ។
មុនកើតហេតុ គេបានឃើញរថយន្ដទំនើប ម៉ាកឡិចស៊ីសមួយគ្រឿង ពាក់ផ្លាកលេខខេមរភូមិន្ទ បើកតាមបណ្ដោយផ្លូវឯករាជ មកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដាពណ៌ខ្មៅ បានបើកចុះពីផ្លូវបេនឡានមហោស្រពចាស់ ឌុបគ្នាពីរនាក់ជិះក្រោយជាស្រ្តី បង្កឲ្យមានរបួសនិងខូចខាតម៉ូតូ មិនបានចុះមើលភ្លាមៗនោះ ក៏ព្យាយាមបើករថយន្ដរត់គេច បុគ្គលិកដឹកជញ្ជូនដេញតាមហៅឲ្យមកជួយ ចេញសងការខូចខាត ពេលស្ទាក់គាត់ជាប់ បែរជាគាត់ជេរប្រមាថគេឯង នៅទីសាធារណៈសុទ្ធតែ អាកញ្ជះគេ សូម្បីតែអ្នកសាព័ត៌មានក៏ជននោះជេរប្រមាថដែរ ។
យោងតាមប្រភពនោះដែរ បានឲ្យដឹងថា បុគ្គលដែលជេរប្រមាថគេឯងនោះ ឈ្មោះ កុសល់ ជាមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានឋានន្ដរស័ក្តិអនុសេនីយ៍ឯក គាត់អាងស័ក្តិ អាងខ្លួនជាមន្រ្តីអញ្ចឹង បានជាដើរជេរគេជេរឯង ប្រើពាក្យមិនសមរម្យជាសាធារណៈ ដូច្នេះមិនត្រឹមតែប៉ុណ្ណោះ ប្រើពាក្យថា អញបុកមួយ អញសងមួយ អញបុកពីរអញសងពីរ គាត់អាងទឹកលុយច្រើន ហើយមើលទៅ និយាយបែបជាជនពាល មិនស័ក្តិសមជា ពាក្យសំដីមន្រ្តីការពារផលប្រយោជន៍ ឲ្យប្រពលរដ្ឋសោះ។ ទង្វើនិងអាកប្បកិរិយានេះ វាពិតធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិអ្នកដទៃ ក៏ដូចជាប៉ះពាល់មន្រ្តីកងរាជអាវុធហត្ថដទៃទៀត ជាពិសេសវាប៉ះពាលយ៉ាងធ្ងន់ធ្ងរ ដល់មេបញ្ជាការកងរាជអាវុធហត្ថ គឺឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី នេះតែម្ដង ដែលលោកមានរគោរពស្រឡាញ់ ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត ព្រោះឯកឧត្តមជាថ្នាក់ដឹកនាំ មានគុណធម៌ សុជីវធម៌ និងវិន័យថ្លៃថ្លូ ប៉ុន្តែបែរជាមានមន្ត្រីក្រោមឱវាទ យករថយន្ដអង្គភាព មកជិះហើយប្រើអាកប្បកិរិយា ច្រងេងច្រងាង អួតក្អេងក្អាង ខ្វះក្រមសីលធម៌មិនស័ក្តិសម ជាមន្ត្រីកងរាជអាវុហត្ថទល់តែសោះ ។
ប្រភពដដែលបន្តថា បើមានកងរាជអាវុធហត្ថ មានបុគ្គលបែបនេះម្នាក់ ពីរនាក់ទៀត ប្រជាពលរដ្ឋពិតជាអស់ជំនឿ ជឿជាក់ជាពុំខាន ។ ប្រជាពលរដ្ឋ សង្ឃឹមថា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នឹងចាត់វិធានការលើបុគ្គល បែបនេះជាក់ជាមិនខាន ។
សូមបញ្ជាក់ដែរថា គិតមកដល់ថ្ងៃទី២៣ សីហា ឆ្នំា២០២១ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ បានបញ្ជាក់ថា ចំពោះមន្ត្រីដែលបានប្រើចរិតមិនសមរម្យ នៅតាមទីសាធារណៈនេះ លោកមិនលើកលែងទេ ត្រូវតែអនុវត្តវិន័យ របស់កងយោធពលខេមរភូមិន្ទ ៕