ស្ត្រីជើងខ្លាំងម្នាក់ ទាញកាំបិតកាប់បុរសម្នាក់ របួសដៃ ព្រោះតែខឹងជនរងគ្រោះវាយខ្លួនមុន

0

ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បាន
បញ្ជូនស្រ្តីម្នាក់ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ធី វណ្ណហុង ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង ថាស្រ្តីរូបនេះបានកាប់ដៃគាត់របួសធ្ងន់ធ្ងរ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសនេះកើតឡើង
នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី២៧ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពីទទួលបណ្តឹងភ្លាម កម្លាំងនគរបាលជំនាញនៃអធិការនគរបាលក្រុង បានចុះទៅធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សន ស្រីមុំ ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង យកមកកាន់អធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។

នៅពេលនោះជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ទៅលើ ជនរងគ្រោះប្រាកដមែន គឺនៅពេលដែលជនរងគ្រោះ បានវាយមកលើខ្លួនមុនទើបខ្លួន ទាញកាំបិតប៉័ងតោយកទៅកាប់លើ ជនរងគ្រោះបណ្តាលឲ្យរងរបួសត្រង់ដៃ។ ជាមួយនេះដែរសមត្ថកិច្ច បានដកហូតវត្ថុតាងជា មធ្យោបាយបង្កហេតុមាន កាំបិតប៉័ងតោដងដែក ចំនួន១។

នៅពេលនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំបញ្ជូនសំណុំរឿង និងជនសង្ស័យមកការិយាល័យ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕