ថ្លើមធំមែន!​បុរសម្នាក់ ហ៊ានបន្លំជាសមត្ថកិច្ច ដាក់កុងត្រូលជជុះ ទារលុយពលរដ្ឋ

0

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃ ការិយាល័យប្រឆាំង បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូ ជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់។

បន្ទាប់ពីទទួលបានបណ្តឹង ពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ក៏ប្រទះឃើញមានករណីនេះ កើតមានពិតប្រាកដមែន ភ្លាមនោះកម្លាំងល្បាតធ្វើការ បង្ក្រាបបានជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១២៖៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាកហ្វតចង្កូតស្តាំមួយគ្រឿង ពណ៌ទឹកសមុទ្រ រួមនឹងកោនចរាចរណ៍ ៦ដើម។

ក្រោមវិធានការជំនាញ ជនសង្ស័យខាងលើបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជាបានឃាត់រថយន្ត ហ៊ីយ៉ានដាយដឹកបន្លែមួយគ្រឿង ដោយខ្លួនអះអាងប្រាប់ តៃកុងឡានថា ខ្លួនជាសមត្ថកិច្ច និងបានគំរាមកំហែងទារប្រាក់ពីតៃកុងឡាន ពិតប្រាកដមែន ៕