បុរសម្នាក់ ផឹកស្រាស្រវឹង រួចអុំទូកទៅផ្ទះ ស្រាប់តែធ្លាក់ទឹកលក់ស្លាប់តែម្ដង

0

ភ្នំពេញ៖​ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​ គេ​ប្រទះ​ឃើញ​នៅ​ចំណុច​ស្ទឹង​សង្កែ​ ស្ថិត​ក្នុង​ ភូមិ​ទ្រាយ​ ឃុំ​ពោធិ៍​ទ្រាយ​ ស្រុក​ពួក​ ខេត្តសៀមរាប​ វេលា​ម៉ោង​ ៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២១​ ។​

​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ បានអោយ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៨​ និង​៣០​នាទី​ ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២១​ ជន​រង​គ្រោះ​បាន​អង្គុយ​ផឹក​ស្រាស​ជាមួយ​មិត្តភក្តិ​ ០២​នាក់​ :​ ១.​ ឈ្មោះ​ អ៊ី​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ២.​ ឈ្មោះ​ ជា​ វ៉ិ​ត​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ជុំ​គ្នា​ បាន​ផឹក​ស្រាស​អស់​ ចំនួន​ ៣.៥​លី​ត្រ​ រួច​បែក​គ្នា​នៅ​វេលា​ម៉ោង​ ២០​ និង​១៥​នាទី​ ។​ ចំណែក​ជន​រង​គ្រោះ​បាន​អុំ​កាណូត ​(​មិន​បញ្ឆេះ​ម៉ាស៊ីន​)​ តែ​ម្នាក់ឯង​ទៅ​ផ្ទះ​លើ​ដីចំការ​ ។​

​លុះ​នៅ​ម៉ោង​ប្រហែល​ ០៧​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២១​ ត្រូវ​បាន​បងប្អូន​អ្នក​ភូមិ​ឃើញ​កាណូត​ របស់​ជន​រង​គ្រោះ​អណ្ដែត​លើ​ទឹក ​(​ស្ទឹង​)​ តែ​បាត់​មនុស្ស​ ក៏​នាំ​គ្នា​រក​ដល់​ផ្ទះ​ក៏​មិនឃើញ​ មានការ​សង្ស័យ​ថា​ធ្លាក់ទឹក​ព្រោះ​ស្រវឹង​ ពួក​គាត់​រាយការណ៍​ឲ្យ ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ ។​

សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ រក​សព​ជន​រង​គ្រោះ​ឃើញ​អណ្តែត​ទឹក ស្ទឹង​សង្កែ​នៅ​វេលា​ម៉ោង​ ១៦​ និង​១៥​នាទី​ល្ងាច​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ចុង​ភូមិ​ទ្រាយ​ ស្រុក​ពួក​ ខេត្តសៀមរាប​ ។​

តាម​ការ​ពិនិត្យ​កោសល្យ​វិនិច្ឆ័យ​ របស់​គ្រូពេទ្យ​មណ្ឌល​ពោធិ៍​ទ្រាយ​ និង​សមត្ថកិច្ច​ជំនាញ​បានអោយ​ដឹង​ថា សាកសព​ពុំ​មាន​ស្លាកស្នាម​ អ្វី​គួរ​សង្ស័យ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ​ ។​

យោង​តាម​ព័ត៌មាន​បំភ្លឺ​ជុំវិញ​ហេតុការណ៍​នេះ​ ការ​ពិនិត្យ​សាកសព​រួម​នឹង​គ្រូពេទ្យ​ ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ វាយតម្លៃ​បឋម​បាន​ថា​:​ ករណី​ខាងលើ​គឺ​ ជន​រង​គ្រោះ​ស្រវឹងស្រា​ធ្លាក់​ទឹកស្ទឹង​សង្កែ ​បណ្ដាល​ឲ្យ​លង់ទឹក​ស្ទះផ្លូវ​ដង្ហើម​ស្លាប់​។​ ក្រោយ​ពិនិត្យ​ និង​ធ្វើ​កំណត់ហេតុ​រួច​ សមត្ថកិច្ច​បាន​ប្រគល់​ សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕