ភ្នំពេញ៖ មនុស្សចំនួន ៤នាក់ បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធ្លាក់ចូលប្រឡានទឹក ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នោះលើផ្លូវអភិវឌ្ឍ ចម្ងាយ២គីឡូម៉ែត្រ ខាងលិចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង ៤នាក់ ១-ឈ្មោះ គឹម ហេង ភេទប្រុស អាយុ៥៥ឆ្នាំ, ២-គង់ សុវណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ, ៣-ឈ្មោះ ហេង រតនា ភេទស្រី អាយុ៦ឆ្នាំ ,៤-ឈ្មោះគឹម ធា ភេទស្រី អាយុ៤២ឆ្នាំ ជនរងគ្រោះទាំង ៤នាក់ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR.SELA ។
ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តបានធ្វើដំណើរ ពីទិសខាងកើតទៅលិច ពេលមកដល់ចំណុច កើតហេតុជាចំណុចផ្លូវបំបែក បានរេចង្កូតធ្លាក់ពីលើផ្លូវ ចូលក្នុងទឹកប្រឡាយផ្ងារជើង បណ្តាលឲ្យស្លាប់អ្នកបើកបរ និងអ្នករួមដំណើរសរុបចំនួន ៤នាក់ ។
សពជនរងគ្រោះត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋជួយស្រង់ យកមកដាក់លើគោក ដើម្បីស្រាវជ្រាវរកសាច់ញាតិ ៕



