រដ្ឋមន្រ្តីការងារ ចាត់ទុកយុវជនជាធនធាន ដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម

0

ភ្នំពេញ៖ លោក បណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជន ជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករ ដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជនជា កម្លាំងជួរមុខរបស់ប្រទេស។

លោករដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបាន អញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ ក្រុមបេក្ខជនជ័យលាភី អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ២០២០ ចំនួន ២៦នាក់ (ស្រី ១០នាក់) មុនពេលចេញដំណើរទៅបំពេញ ការសិក្សារៀនសូត្រនៅពេលខាងមុខ តាមរយៈប្រព័ន្ធវីដេអូ ZOOM នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

លោករដ្ឋមន្រ្តី បានរំលឹកថា ដូចដែលយើងគ្រប់គ្នាបានដឹងហើយ ស្ថិតក្នុងដំណាក់កាលអន្តរកាលនេះ បញ្ហាសុខភាពគឺជារឿងចម្បង ដែលត្រូវយកចិត្តទុកដាក់គិតគូរ អត់ធ្មត់និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅ និងរៀនសូត្រ មិនថាស្ថិតនៅក្នុងបរិបទណានោះទេ ជាពិសេសជំងឺកូវីដ-១៩ បានកំពុងវាយឡុកយ៉ាងសកម្ម មកលើសុខភាព និងអាយុជីវិតរបស់មនុស្សជាតិលើពិភពលោក កត្តានេះហើយ ដែលតម្រូវឲ្យក្មួយៗដែលបាន ចេញទៅបន្តការសិក្សា ក្នុងពេលដ៏ខ្លីខាងមុខនេះ គួរគប្បីអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានអនាម័យ និងការការពារខ្លួនពីជំងឺនេះ កុំឲ្យវាមកបៀតបៀនមកលើខ្លួន យើងបានឲ្យសោះ។

លោកបន្តថា ការឈានទៅយកបរិញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតរបស់ក្មួយៗ នាពេលនេះជាការសំខាន់ណាស់ ព្រោះថាការសិក្សានៅប្រទេសជប៉ុន ពិតជាមានកម្រិតខ្ពស់ និងជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា ដែលក្មួយៗត្រូវតែយក ចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍន៍ ប្រទេសយើងវិញនាពេលខាងមុខ។

ក្រៅពីសិក្សាជំនាញ ក្មួយៗក៏ត្រូវស្រាវជ្រាវ បទពិសោធន៍រវាងសង្គម និងសង្គម ព្រោះថានៅជប៉ុនមានការគោរពគ្នា យ៉ាងល្អ ជាពិសេសរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ប្រជាជននៅប្រទេសនេះ ពិតជាមានវិន័យល្អណាស់ ពួកគេប្រកាន់ខ្ជាប់ទាំងក្របខណ្ឌសង្គម ការងារ ឬបរិយាកាសខាងក្រៅ ដែលយើងគួរតែរៀនសូត្រតាម។

ក្មួយៗទាំងអស់គ្នា ត្រូវតែត្រៀមខ្លួនសម្រាប់ការងារ រស់នៅក្នុងប្រទេសមួយនេះ ក្រៅពីរៀនសូត្រអ្នកទាំងអស់គ្នា គឺជាទូតសុឆន្ទៈរបស់កម្ពុជាផងដែរ ដែលត្រូវតែបង្ហាញពីសកម្មភាពល្អៗ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុនក៏ដូចជា ប្រជាជាតិដទៃទៀត ដែលក្មួយៗបានជួប និងរស់នៅក្នុងពេលសិក្សា នៅក្នុងប្រទេសនោះ។ ម៉្យាងទៀតត្រូវតែសិក្សា ពីបរិយាកាសសេដ្ឋកិច្ច សង្គម នយោបាយរបស់ប្រទេសជប៉ុន ក្នុងនាមជាប្រទេសដៃគូពាណិជ្ជកម្ម ដ៏ធំមួយរបស់កម្ពុជាផងដែរ។

គួរបញ្ជាក់ជូនដែរថា អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់ជប៉ុន (Huma Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០០០ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការ វ័យក្មេងដែលមានសមត្ថភាព ដើម្បីចូលរួមក្នុងការអនុវត្ត ផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងនាមជា អ្នកដឹកនាំនាពេលអនាគត។

គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតចំនួន ៤៤២ នាក់ ទៅសិក្សានៅប្រទេសជប៉ុន។ក្នុងឆ្នាំ២០២០នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦នាក់ បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២នាក់ ទទួលបានថ្នាក់បណ្ឌិត និង ២៤នាក់ ទទួលបានថ្នាក់អនុបណ្ឌិត ដែលការសិក្សានឹងចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ២០២១ ហើយការចេញដំណើរកំពុងស្ថិតក្រោម ការសម្របសម្រួលរបស់ភាគីជប៉ុន៕