ភ្នំពេញ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បានឈ្លោះប្រកែកគ្នាជាមួយនឹងប្ដី ក៏គិតខ្លីសម្រេចចិត្តចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតបន្ទប់ ហើយបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកត្រួតពិនិត្យមើល។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៦ និង១៥នាទីព្រឹក ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងបរិវេណសួនកាណាឌីយ៉ា នៅក្នុងបន្ទប់ជួលលេខ០៦ អាគារលេខ១៦ ក្នុងសង្កាត់ចោមចៅទី០១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមាន ឈ្មោះ អុញ សុខលៀង ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅ ភូមិព្រះស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ មានប្ដី ឈ្មោះ សេង សុភាព ភេទប្រុស អាយុ២៥ បច្ចុប្បុន្ន រស់នៅភូមិ ឃុំ ខេត្តកើតហេតុខាងលើជាមួយគ្នា ។
យោងតាមប្រភពព័ត៌មាន ដែលក្រុមទទួលបានពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាងបន្ទប់ជួលក្បែរនោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឮសូរសំឡេង ប្ដីប្រពន្ធមួយគូនេះ មានការឈ្លោះប្រកែកគ្នា អស់រយៈពេលជាច្រើនម៉ោង មិនដឹងថាមានរឿងអ្វី កើតឡើងនោះទេ ក្រោយមកពួកគេទាំងពីរនាក់ ក៏បានទៅដេកបន្ទប់ ផ្សេងៗពីគ្នា រីឯជនរងគ្រោះ ក៏បានដេកបន្ទប់ជួលរបស់ខ្លួន ដូចសព្វមួយដង ខណៈពេល មកដល់ព្រឹកឡើង ក៏មានមិត្តភក្កិ របស់នាងដែលជាអ្នកធ្វើការរោងចក្រ ជាមួយគ្នានោះ មិនឃើញរូបនាង ដើរចេញមកក្រៅ ហើយឃើញទ្វារបន្ទប់ បិទជិត តែគ្មានចាក់គន្លឹះ នៅពីខាងក្នុងនោះទេ រួចក៏បានស្រែកហៅ ម្ដងហើយម្ដងទៀត តែមិនឮសូរសម្លេងឆ្លើយ ទើបមិត្តភក្កិ ដែលធ្វើការរោងចក្រ ជាមួយគ្នានោះ បានសម្រេចចិត្តចូល ទៅរកមើលខាងក្នុង ស្រាប់តែប្រទះឃើញ ជនរងគ្រោះបានយកអាវមក ចងកជាប់និងឡៅតឿ សម្លាប់ខ្លួន បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ហើយបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកត្រួតពិនិត្យមើល។
ក្រោយទទួលដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យដោយបានយកខ្សែមកចងហ៊ុព័ទ្ធនៅជុំវិញបន្ទប់ជួល ហើយក៏បានទាក់ទងទៅក្រុមគ្រូពេទ្យ ឲ្យចុះមកយកសំណាកទៅពិនិត្យរកជំងឺ កូវីត ១៩ ជាមុនសិន ក្រោយពិនិត្យសំណាករួចរាល់ហើយឃើញថា សាកសព គឺអវិជ្ជមាន ទើបប្រគល់សពឲ្យទៅសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ ទើបប្រគល់សព ទៅឱ្យសាច់ញាតិ និងក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕