កម្ពុជា ផ្ដល់ថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យ ដល់មីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ ជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ និងគ្រឿងបរិក្ខារពេទ្យជាច្រើនទៀត ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ។

យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅលោក មីង អោងលាំង មេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ថវិកា ២០ម៉ឺនដុល្លារ កម្ពុជាឧបត្ថម្ភនេះ គឺជាបន្ថែមពីលើប្រាក់ ១០ម៉ឺនដុល្លារ ដែលកម្ពុជាបានផ្តល់ទៅមីយ៉ាន់ម៉ា តាមរយៈអាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គ្រឿងបរិក្ខារដែលឧត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដាំរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងលិខិតនោះថា សម្តេចជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កម្ពុជា និងមីយ៉ាន់ម៉ា នឹងយកឈ្នះលើជំងឺរាតត្បាតសកលនេះទាំងស្រុង។

ក្នុងលិខិតបានបញ្ជាក់ដែរថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូមួយក្រុម ដើម្បីប្រគល់ជូន អំណោយខាងលើនេះ តាមជើងហោះហើរពិសេស ដែលនឹងត្រូវរៀបចំឡើង ដើម្បីទៅទីក្រុងណៃពិដោ នាពេលឆាប់ៗនេះ៕