ក្មេងប្រុសស្រីជាបងប្អូនបង្កើត ២នាក់ ស្លាប់ក្នុងភ្លក់ភ្លើង យ៉ាងអាណោចអាធ័មជាទីបំផុត

0

ភ្នំពេញ៖ ក្មេងប្រុសស្រី ២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា បានស្លាប់នៅក្នុងភ្នក់ភ្លើង យ៉ាងអណោចអាធ័មជាទីបំផុត ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ កាលពីព្រឹកថ្ងៃទី១៦ សីហា នៅភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ក្មេងរងគ្រោះមានឈ្មោះ នឿន ចិត្រា ភេទប្រុស អាយុ ១០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ នឿន ចន្ថា ភេទស្រី អាយុ៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

នៅមុនពេលកើតហេតុ ឪពុកម្តាយក្មេងទាំងពីរនាក់ បានទៅធ្វើការរោងចក្រ ទុកឱ្យនៅជាមួយយាយនិងតា ។ លុះដល់ម៉ោងប្រមាណជាង៩ យាយនិងតាទៅផ្សារ និងបានទុកក្មេងរងគ្រោះទាំង ២នាក់នៅក្នុងផ្ទះ ដោយបានខ្ទាស់សោជាប់ ស្រាប់ដល់ពេលកើតហេតុ មានទុសេ្សខ្សែភ្លើង បណ្តាលឱ្យឆេះផ្ទះសន្ធោសន្ធៅឡើង បណ្តាលឱ្យក្មេងប្រុស ស្រីទាំង២នាក់ បានស្លាប់យ៉ាងអណោចអធម្ម នៅក្នុងផ្ទះនេះតែម្តង ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋក៏បានជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះ និងបានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ស្រុកមកបាញ់ពន្លត់ដែរ តែមិនអាចជួយទាន់ គ្រាន់តែបានបាញ់ពន្លត់កុំឱ្យរាលដាលឆេះ ដល់ផ្ទះអ្នកស្រុកបន្តទៀត ៕