ភ្នំពេញ៖ បុរស-ស្រ្តី២នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តាមដីការរបស់អយ្យការអមសាលាដំបូង ខេត្តឧត្ដរមានជ័យ ពីបទបំពានទៅនឹងវិធានការរដ្ឋបាល ដែលមានចែងក្នុងសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ខៀវ ជា (ហៅជា) ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ ម្ចាស់ហាងអាជីវកម្ម KTV 555 មានទីលំនៅបច្ចុប្បន្នភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ដោយបំពានទៅនឹងវិធានការរដ្ឋបាល ដែលមានចេញក្នុងសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល បណ្ដាលអោយឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រហូតកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ កម្លាំងជំនាញបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕