ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវរថយន្តធុនធំ មានដាក់ស្លាក LMH កិនបែកក្បាលធ្លាយខួរ ស្លាប់ កាលពីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុប ៣០ម៉ែត្រកែងផ្លូវ៥០ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ដូន ជុំ អាយុ២៨ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធឈ្មោះ តឹង សុគា អាយុ ២៥ ឆ្នាំ មានកូនប្រុសម្នាក់ អាយុ០៧ខែ ទើបរៀបការបានជាង ១ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអូររំចេក ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ជនរងគ្រោះ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ កំពង់ធំ 1C-5303។ ចំណែករថយន្តបង្ក ប្រភេទកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3C-3654 ដឹកអេតចាយ បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្ត្រីម្នាក់ ក្រោយកើតហេតុ បានគេចខ្លួនបាត់។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូពីទិសខាងជើង ទៅខាងត្បូង ដល់ចំណុចភ្លើងស្តុប បង្អន់ល្បឿន ស្រាប់តែរថយន្តបង្ក បើកល្បឿនលឿន ពីទិសខាងជើង ទៅខាងត្បូង ជ្រុលទៅបុកពីក្រោយ កិនបែកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែង ក្នុងសភាពបែកធ្លាយខួរ ខ្ចាយពេញផ្លូវ ម៉ូតូកល់ជាប់ពីក្រោម រថយន្ត អូសជាង៣០ម៉ែត្រ ទើបឈប់ ទាំងអ្នកបើកបររថយន្ត និងអ្នករួមដំណើរចុះគេច ខ្លួនបាត់ បន្សល់ទុក សពជនរងគ្រោះ នៅកណ្តាលផ្លូវ។
សមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ស្រាវជ្រាវទំនាក់ទំនង ទៅក្រុមគ្រួសារ ដើម្បីប្រគល់សព ជូននិងចាត់ចែងដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី និងប្រគល់មធ្យោបាយ ទាំង ២ គ្រឿង ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ៕




