​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធករណី​គំរាម​សម្លាប់

0

ភ្នំពេញ៖ បុរសម្នាក់​ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២១​ ​ នៅ​ចំណុច​ភូមិ​ព្រែក​តា​ជ្រូក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ពាក់ព័ន្ធករណី​គំរាមកំហែង​ថា​នឹង​សម្លាប់។

​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សេង​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាងសំណង់​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ្រូក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​ចំណែក​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ទី​១.​ ឈ្មោះ​ អាត​ គី​ម​ហ៊​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ (​ឃាត់ខ្លួន​)​និង​ទី​២.​ ឈ្មោះ​ កូ​ សុភា​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បើក​កង់​បី​ (​គេចខ្លួន​)​។​ ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ្រូក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​ដោយឡែក​ វត្ថុ​តាង​ចាប់​យក​រួម​មានៈ​ ដាវ​ ចំនួន​០៣​ដើម​ ។​

​ប្រភព​ដដែល​បន្ត​ថា​ កាលពី​ពេល​កន្លង​ទៅ​ ឈ្មោះ​ កូ​ សុផល​ បាន​ទៅ​ខ្ចី​លុយ​ពី​ឈ្មោះ​ សេង​ ម៉ៅ​ ចំនួន​២០០​ដុល្លារ​ ដោយ​បាន​កំណត់​ថ្ងៃខែ​សង​វិញ​ត្រឹមត្រូវ​ ។​ លុះ​ក្រោយមក​ឈ្មោះ​ កូ​ សុផល​ មិន​បាន​សង​លុយ​តាម​កាលកំណត់​នោះ​ទេ​ ដោយ​បាន​ពន្យា​ពេល​ជា​បន្តបន្ទាប់​ ហើយ​បន្ទាប់​មក​ទៀត​ ក៏​បាន​សន្យា​សង​ប្រាក់​ទៅ​កាន់​ជន​រង​គ្រោះ​នៅ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២១​ ។​ រហូត​មក​ដល់​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២១​ ឈ្មោះ​ សេង​ ម៉ៅ​ និង​ប្រពន្ធ​ក៏​បាន​ទៅ​ទារ​លុយ​ពី​ឈ្មោះ​ កូ​ សុផល​ មុន​ការ​កំណត់​ ក៏​បង្ក​ជា​ជម្លោះ​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ រហូត​ដល់​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២១​ ឈ្មោះ​ កូ​ សុផល​ ក៏​បាន​សង​លុយ​ចំនួន​២០០​ដុល្លារ​ ទៅ​អោយឈ្មោះ​ សេង​ ម៉ៅ​ គ្រប់​ចំនួន​ ។​ លុះ​នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​០០​នាទី​ ស្រាប់តែ​ឈ្មោះ​ កូ​ សុភា​ ត្រូវជា​ប្អូន​ឈ្មោះ​ កូ​ សុផល​ និង​ឈ្មោះ​ អាត​ គី​ម​ហ៊​ បាន​ជិះ​រ៉ឺ​ម៉ក​កង់​បី​ មក​ផ្ទះ​ជន​រង​គ្រោះ​ ដោយ​មាន​កាន់​ដាវ​នឹង​ដៃ​ចំនួន​០៣​ដើម​ ហើយ​បាន​ស្រែក​គំរាម​ចង់​កាប់សម្លាប់​មក​លើ​ឈ្មោះ​ សេង​ ម៉ៅ​ និង​ប្រពន្ធ​ បណ្ដាល​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ​ ។​

ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ខាងលើ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ​ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ រួច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ អាត​ គី​ម​ហ៊​ រួម​នឹង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​នីតិវិធី​ រីឯ​ជនសង្ស័យ​ឈ្មោះ​ កូ​ សុភា​ បាន​គេចខ្លួន​បាត់​ ៕