គ្រូបង្វឹកក្លិប Paris Saint Germain លោក Mauricio Pochettinho បានលើកឡើងថា លោកនឹងមិនធ្វើការបង្ខំកីឡាករ Lionel Messi ឲ្យឆាប់បង្ហាញខ្លួនភ្លាមៗនៅឡើយទេ ដោយចង់ទុកពេលវេលាឲ្យរូបគេមានអារម្មណ៍ល្អ និងមានកម្លាំងពេញលេញឡើងវិញជាមុនសិន។
ពិតណាស់ កាលពីថ្ងៃថ្ងៃព្រហស្បតិ៍កន្លងទៅឃើញថា Messi បានចាប់ផ្តើមការហ្វឹកហាត់ជាលើកដំបូង ជាមួយមិត្តរួមក្រុមថ្មីនៅ PSG ប៉ុន្តែរូបគេទំនងជានឹងមិនទាន់វត្តមានជួយក្រុម ក្នុងការប្រកួតទល់នឹងក្លិប Strasbourg នៅឡើយទេនារាត្រីនេះ។
លោក Puchettinho បានថ្លែងថា “គ្រប់គ្នាបានដឹងហើយថា នេះទើបតែជាការហ្វឹកហាត់ថ្ងៃទីពីររបស់ Messi ក្នុងរយៈពេលជាងមួយខែ តាំងពីគាត់ចូលរួមក្នុងព្រឹត្តិការណ៍ Copa America មកម្លេះ។ ពួកយើងនឹងធ្វើវាដោយសន្សឹមៗ មិនបង្ខំឡើយ គឺយើងចង់ឲ្យគាត់ស្គាល់ពីមិត្តរួមក្រុមឲ្យបានច្រើន ដែលធ្វើឲ្យគាត់មានអារម្មណ៍កក់ក្តៅនៅទីនេះ។ ដូច្នេះពេលនោះ គាត់អាចបង្ហាញខ្លួនជាលើកដំបូងបានហើយ”៕