កុមារីអាយុ ៨ឆ្នាំម្នាក់ មានអាការៈ ឈឺចុកពោះជាង ២ខែ ពេលទៅពិនិត្យស្រាប់តែ ឃេីញដុំសក់ដ៏ធំមួយ

0

ភ្នំពេញ៖ កុមារីអាយុ ៨ឆ្នាំម្នាក់ មានអាការៈចេះតែឈឺចុកពោះ និងដុំពោះ អស់រយៈពេលជាង ២ខែមកហើយ ស្រាប់តែពេកទៅពេទ្យថតឆ្លុះក្រពះដោយម៉ាស៊ីន MRI និងឆ្លុះក្រពះដោយហ្វីប្រូស្កូប (fibroscopy) បានរកឃើញដុំសក់ក្នុងក្រពះយ៉ាងធំ ហៅថាទ្រីកូប៊ីហ្សូអារ (trichobezoar) ។

យោងតាមហ្វេសប៊ុក Dr.Beat Richner នៅថ្ងៃទី១៤ សីហានេះ បានឲ្យដឹងថា អាការៈរោគដ៏កម្រ ទ្រីកូប៊ីហ្សូអារ ឬ សំណុំដុំសក់ក្នុងក្រពះ (gastric trichobezoar or hairball) មិនមែនជាជំងឺទេ តែជាសំណុំសរសៃសក់ ដែលកុមារ ឬក្មេងជំទង់ (ពិសេសក្មេងស្រី) បានលេបសរសៃសក់ មួយថ្ងៃបន្តិចម្តងៗ ចូលទៅក្នុងក្រពះ ដោយហេតុផលណាមួយ ដែលជាទូទៅទាក់ទងនឹង ការប្រែប្រួលខុសប្រក្រតី នៃផ្លូូវចិត្តរបស់ក្មេង ហើយបន្តិចម្តងៗ បង្កើតបានជាដុំសក់ក្រាំងក្រញាញ់ចូលគ្នា នៅក្នុងក្រពះ សំណុំដុំសក់នេះ មិនរលាយក្នុងក្រពះទេ តែវាក្លាយជាដុំកាន់តែធំអាចបណ្តាលឲ្យស្ទះក្រពះ រលាកក្រពះ ដំបៅក្រពះ និងអាចហូរឈាមឬធ្លាយក្រពះក៏មាន កុមារីអាយុ៨ឆ្នាំម្នាក់នេះ មានអាការៈ ឈឺចុកពោះនិងដុំពោះ អស់រយៈពេលជាង២ខែមកហើយ ការថតឆ្លុះក្រពះដោយម៉ាស៊ីនMRI និងឆ្លុះក្រពះដោយហ្វីប្រូស្កូប (fibroscopy) បានរកឃើញដុំសក់ក្នុងក្រពះយ៉ាងធំ ហៅថាទ្រីកូប៊ីហ្សូអារ (trichobezoar) ដែលក្មេងស្រីនេះបានលេបសក់ខ្លួនឯង បន្តិចម្តងៗជាច្រើនខែមកហើយ បណ្តាលឲ្យស្ទះក្រពះ រលាកនិងដំបៅក្រពះទៀតផង ។

ក្រុមគ្រូពេទ្យវះកាត់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានវះចោះក្រពះ យកសំណុំដុំសក់យ៉ាងធំនេះ ចេញពីក្រពះកុមារីដ៏កំសត់នេះ បានដោយជោគជ័យ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត ៕