ជំនាញមួយមិនគ្រប់ បែកគំនិតគាស់ផ្ទះប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់ខ្លួន

0

ភ្នំពេញ៖ តៃកុងរថយន្តដឹកគ្រឿងសំណង់ម្នាក់ បែកគំនិតគាស់ផ្ទះប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នគរបាលបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ កែរ លុច ហៅបារាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្នរស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួចមាន ស្ថានទម្ងន់ទោស (គាស់ទំលុះទំលាយ បទល្មើសជាក់ស្តែង) កាលពីវេលាម៉ោង០២និង៣០នាទី យប់ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលការងារព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថានៅវេលាម៉ោង០២និង៣០នាទីយប់ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទំលុះទំលាយ) បង្ករឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ឡើងលើដំបូលផ្ទះ គាស់ស័ង្កសី ចូលក្នុងហាងលក់កុំព្យូទ័រ របស់ជនរងគ្រោះលួចយក កុំព្យូទ័រយួរដៃម៉ាក MacBook Pro ០១គ្រឿង, MacBook Air ០១គ្រឿង, iPad11 ០២គ្រឿង, iPad Air4 ០១គ្រឿង, iPad 8th ០១គ្រឿង, iPad Pro 2020 ០១គ្រឿង, កាបូបស្ពាយ០១ និងឯកសារ មួយចំនួនក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដោយបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កែរ លុច ហៅបារាំង ត្រង់ចំណុចហាងជួសជុលទូរស័ព្ទ០១កន្លែងក្នុងភូមិវិហារចិន ដោយជនសង្ស័យ បានយក iPad របស់ជនរងគ្រោះទៅបិតស្គ្រីន យកមកធ្វើការសាកសួរ។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះពិតប្រាកដមែន។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមានៈ កុំព្យូទ័រចំនួន ០២គ្រឿង iPad ចំនួន ០៥គ្រឿង ដែលជារបស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ៕