បុរសខ្លាំងនៃកម្ពុជា ទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៣គ្រឿង បំពាក់ជូនកងយោធពលខេមរភូមិន្ទ

0

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែបានទិញដើម្បីបំពាក់ជូនដល់ កងយោធពលខេមរភូមិន្ទ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៣ សីហានេះ បានឲ្យដឹងថា ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាន នៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវ តាមបច្ចេកទេស។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបំពាក់ឧទ្ធម្ភាគចក្រ ជូនដល់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការ បានលឿនទាន់ពេលវេលា ៕