ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តន៍តាមបទបញ្ជា របស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងគណៈបញ្ជាការដឹកនាំ អនុវត្តន៍ច្បាប់ខេត្តព្រះសីហនុ បង្ក្រាប ហាងកាហ្វេមួយកន្លែងទៀត ក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស១៤នាក់ ដែលមានការជួបជុំគ្នាច្រើនហូបកាហ្វេ នៅក្នុងហាងកាហ្វេយីហោ «ម្លប់ឬស្សី» ស្ថិតនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ពុំស្តាប់តាមការណែនាំរបស់ក្រុមការងារ ផ្ទុយនឹងបំរាមរបស់រដ្ឋបាលខេត្ត។
មុននឹងឈានដល់ការបង្ក្រាបនេះ សមត្ថកិច្ចបានចុះ ធ្វើការអប់រំ ចំនួន ១លើករួចមកហើយ ប៉ុន្តែហាងកាហ្វេនេះ មិនស្តាប់តាមការណែនាំ ទើបក្រុមការងារចុះទៅឃាត់ ក្នុងនោះរួមមានម្ចាស់ហាងកាហ្វេ ចំនួន ១នាក់ និងភ្ញៀវចំនួន ១៣នាក់ សរុប ១៤នាក់ នាំយកមកទីបញ្ជាការស្រាល ដោះស្រាយបន្តតាមគោលការណ៍ ដែលរដ្ឋបាលខេត្តកំណត់ ៕