ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ១ខ្នងខ្ទេចទាំងកណ្ដាលយប់ ខូចខាតអស់រាប់ម៉ឺនដុល្លារ

0

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២ និង៣០នាទី កម្លាំងនគរបាល និងរថយន្តពន្លត់អគ្គីភ័យរបស់ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យមួយ ដែលបានឆាបឆេះផ្ទះមួយខ្នង បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ផៃ ភឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ករណីនេះបណ្តាល អោយខូចខាតរួមមាន ឆេះផ្ទះមួយខ្នង (ផ្ទះតៀម)ទំហំ ១៨ម៉ែត្រ គុណ ៦ម៉ែត្រធ្វើពីឈើរប្រក់ដែក ឆេះខូចខាតទាំងស្រុង ។ ១.ម៉ូតូចំនួន ២គ្រឿង។ ២.គ្រឿងក្រអូប គិតជាប្រាក់ប្រហែល ២៥,០០០ $ (ពីរម៉ឺនប្រាំពាន់ដុល្លាអាមេរិច) ។ ៣.ថ្នាំបាញ់ស្មៅ និងស្វាយចន្ទី គិតជាប្រាក់ប្រហែល ១០,០០០$ (មួយម៉ឺនដុល្លាអាមេរិច) ។ ៤.អីវ៉ាន់ចាប់ហួយប្រហែល ១០,០០០$ (មួយម៉ឺនដុល្លាអាមេរិច) ។

ប្រភពដដែលបានបន្តទៀតថា ករណីខាងលើនេះ មិនបណ្ដាលឲ្យប៉ះពាល់ដល់ អាយុជីវិតមនុស្សទេ។

គួរបញ្ជាក់ផងដែរថា ក្នុងការពន្លត់អគ្គីភ័យ កម្លាំងនគរបាល បានប្រើប្រាស់រថយន្តចំនួ ២គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ១គ្រឿង និងរថយន្តរបស់ក្រុមហ៊ុន ឡុងស្រេង ចំការកៅស៊ូបឹងកេត ១គ្រឿង ដោយប្រើអស់ទឹកចំនួន ៤ស៊ីទែន ៕