រន្ធត់ណាស់! មច្ចុរាជដងផ្លូវ ឆក់យកជីវិតម្ដាយ-ឪពុក បន្សល់ទុកកូនរងរបួសធ្ងន់

0

ភ្នំពេញ៖ ឪពុកម្តាយបានស្លាប់ ចំណែកកូនស្រីរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។ ឧបទ្ទវហេតុខាងនោះ បានកើតឡើងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី នៅលើផ្លូវក្រាលកៅស៊ូ1KS1 ត្រង់ចំណុចលើខ្នងទំនប់ចាន់ថ្នាល ភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាក FORD RANGER (2018) ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកបរមកដល់ចំណុចខាងលើ បានបើកទៅបុកជាមួយម៉ូតូ០១ គ្រឿងម៉ាក HONDA DREAM C125 (2016) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1G-8692 បើកបរដោយឈ្មោះ រ៉ាត់ ណត់ ភេទប្រុស អាយុ៣៥ឆ្នាំ (ស្លាប់) ត្រូវជាប្តីឌុបគ្នាចំនួន០២នាក់ៈ ទី១-ឈ្មោះ ឃុយ នីម ភេទស្រី អាយុ៣២ឆ្នាំ (ស្លាប់) ត្រូវជាប្រពន្ធ, ទី២-ឈ្មោះ រ៉ាត់ កញ្ញា ភេទស្រី អាយុ១៤ឆ្នាំ (របួសធ្ងន់) ត្រូវជាកូន អ្នកទាំង៣នាក់ រស់នៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ពីកើតទៅលិច។

សមត្ថកិច្ចដដែលបន្តថា ចំពោះវត្ថុតាងរថយន្ត និងម៉ូតូខាងលើកំពុងរៀបចំ ចាត់ចែងដឹកយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងចេក ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធីច្បាប់ ៕