ភ្នំពេញ៖ លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានចេញដីការបង្គាបឱ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកបើកឡានដឹកដី ទីកន្លែងកំណើតភូមិពោធិ៍សែនស្នាយ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។
ជននេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ «បទរត់គេចខ្លួន» ប្រព្រឹត្តនៅភូមិស្វាយមីង ឃុំបាគួរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ផ្ដន្ទាទោសតាមបញ្ញាត្តិមាត្រា ៥៤៣នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទី ក្រុមចំរុះរបស់អន្តរក្រសួង បានធ្វើការឃាត់រថយន្ត ប្រភេទបែនចំនួន០៤គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលនោះអ្នកបើកបរ រថយន្ត០១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1422 បានធ្វើសកម្មភាពស្រែកឡូឡា មកលើក្រុមត្រួតពិនិត្យ និងបានបែនដី ដាក់លើផ្លូវ ចំណុចភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល បន្ទាប់មកក៏បានបើករថយន្តរត់គេចខ្លួនបាត់ ដោយមិនឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យរថយន្តរបស់ខ្លួនឡើយ។
លុះមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើករថយន្ដដឹកដី មានទីលំនៅ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក រថយន្ត០១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1422 លេខតួ KMCPB 18SP2C020096 លេខម៉ាស៊ីន D6CA2064341៕