ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ជាក់ស្តែង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរង ទទួលការងារវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៨១៧ ក្រោមការបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ចំការស្រូវគោលដៅទី៣ ចំនួន១១នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក កៅ បញ្ញា មេបញ្ជាការរង សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣ វរសេនាតូចលេខ១ ចំនួន៥នាក់. ដឹកនាំដោយវរសេនីយ៍ត្រី អួន សុខឿន មេបញ្ជាការ- គ, កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបារាំងធ្លាក់ចំនួន៣នាក់ ដឹកដោយលោក អនុសេនីយ៍ឯក ណន ផេង នាយប៉ុស្តិ៍ស្តីទី បានធ្វើចុះប្រតិបត្តិការ ទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែន ចូលក្នុងប្រទេសកម្ពុជាវិញ ត្រង់ចំណុច ភូមិសាស្ត្រភូមិអូរចោទ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចំនួន ១៧នាក់ (ស្រី៧នាក់, ក្មេង២នាក់)។
បន្ទាប់ពីឃាត់ខ្លួនពួកគាត់ កម្លាំង បានបញ្ជូនបងប្អូន ទាំងអស់ឲ្យកងអនុសេនាធំលេខ ១១១៣ នៃកងវរសេនាធំលេខ១៣ (ភាគីថៃ) ដឹកនាំដោយលោកព្រិន្ទបាលឯក បល្ល័ង ស៊ីវិឡៃ មេបញ្ជាការរងកងអនុសេនាធំលេខ១១១៣ ដើម្បីបញ្ជូនបន្តទៅកាន់ជំរកស្នាក់នៅបណ្តោះអាសន្ន ក្នុងទឹកដីថៃ ទល់មុខភូមិសាស្ត្រទទួលខុសត្រូវ របស់ប៉ុស្តិ៍ព្រំដែនចក្រី(ភូមិកោះតូច ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕
