ភ្នំពេញ៖ ក្រោយផ្ទុះរឿងនឹកស្មានមិនដល់ ដែលសមត្ថកិច្ចចុះទៅ ដកហូតសត្វសារិកាកែវ ដល់ផ្ទះបុរសម្នាក់ហើយនិយាយថាការចិញ្ចឹមនេះ ជាការខុសច្បាប់នោះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមុខមកប្រតិកម្មចំៗ ទៅកាន់សមត្ថកិច្ចបែបនេះវិញ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពី១១ម៉ោងមុន លោកស្រី ហ៊ុន ស៊ីណាត បានប្រតិកម្មបែបនេះថា «?មិនយល់ ៗៗ ហេីយក៏មិនដែលឮឡើយ បងប្អូនកូនក្មួយមិត្តរួមហ្វេសប៊ុកណា ដឹងពីច្បាប់ការចិញ្ចឹមសត្វ មេត្តាពន្យល់ខ្ញុំផង ? ?លោកសមត្ថកិច្ច ជួយទៅមើលគ្រឿងញៀនវិញ ក្មេងៗឆ្កួតអស់ពេញវាលស្រែហើយ សារិកាកែវសោះ ប្រឹងអារឿងគ្រឿងញៀន មិនខំចាប់ទេ?» ។
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ យោងតាមគណនីហ្វេសប៊ុកម្ចាស់ឈ្មោះ Chantra Yath បានលើកឡើងថា «ពិតមិនស្មានថា គ្រាន់តែចិញ្ចឹមសារិកាកែវ ១គូ ដោយក្តីស្រលាញ់ក៏ ជាទង្វើខុសច្បាប់ដែរ ។ ដកហូតយកទៅអភិរក្សនៅភ្នំតាម៉ៅ! សង្ឃឹមថាឯងនឹងមានចំណីគ្រប់គ្រាន់» ។
ប្រហែលជាអ្នកលេងបណ្ដាញសង្គម ក៏ដូចជាប្រជាពលរដ្ឋ មិនទាន់ភ្លេចទេ ពោលគឺកាលពីចុងខែមិថុនា អាជ្ញាធរចុះដកហូតសត្វតោ ពីម្ចាស់ជនជាតិចិន ដែលចិញ្ចឹមក្នុងផ្ទះ ដោយខុសច្បាប់ នៅមូលដ្ឋានខណ្ឌបឹងកេងកង ។ ទាក់ទិនរឿងនេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាងផង ៕




