ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ទៀ បាញ់ ចុះអនុស្សរណៈជាមួយ ក្រុមហ៊ុនឆាយ វ៉ាង Sakkin Water ដើម្បីថែរក្សាសុខភាព ពលរដ្ឋ

0

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ ចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ឆាយ វ៉ាង Sakkin Water រួមគ្នាក្នុងការពង្រឹង និងអភិវឌ្ឍផ្នែកអនាម័យ ផាសុកភាពនៃការរស់នៅរបស់ ប្រជាជនកម្ពុជា ឱ្យកាន់តែល្អប្រសើរ ជាពិសេសក្នុងបរិបទ នៃការរីករាលដាល នូវមេរោគកូវីដ១៩នេះតែម្តង។

ក្នុងពិធីចុះ MOU ឯកឧត្ដម ស ថាវី តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្លា ឲ្យពលរដ្ឋបានចាក់វ៉ាក់សាំងបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំ នៅក្នុងសហគមន៍ មិនឲ្យអ្នកដែលឆ្លងជំងឺនេះហើយ មានសភាពធ្ងន់ធ្ងរ ។

ឯកឧត្ដមបន្តថា ទោះមិនអាចកម្ចាត់ចោលជំងឺនេះទាំងស្រុង ប៉ុន្តែយើងអាចការពារជំងឺនេះបាន ដោយតម្រូវឲ្យផ្លាស់ប្តូរទម្លាប់រស់នៅជាមួយនឹងវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ ដូច្ចេះគោលបំណងការចុះអនុស្សរណៈជាមួយ ក្រុមហ៊ុន ឆាយ វ៉ាង Sakkin Water គឺផ្ដោតលើការពង្រឹង និងអភិវឌ្ឍចំនេះដឹងសុវត្ថិភាពសុខភាព និងសុខុមាលភាពជាសាធារណៈ ។

ឯកឧត្ដម ស ថាវី បញ្ជាក់ថា ចំពោះផលប្រយោជន៍ នៃកិច្ចព្រមព្រៀងនេះនឹងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជួយគ្នាទៅវិញទៅមក លើវិស័យអនាម័យ និងសុខភាពតាមបែបទំនើបកម្ម យើងជ្រើសរើស Sakkin Water ជាដៃគូរដោយសារក្រុមហ៊ុននេះ ជាអ្នកឯកទេស និងឈានមុខគេលើផលិតផលទឹកសម្លាប់មេរោគ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់ជប៉ុន និងមានឧបករណ៍សម្លាប់មេរោគជាច្រើនប្រភេទ ស្របតាមតម្រូវការជួយគាំទ្រសកម្មភាពមនុស្សធម៌ផ្សេងៗ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងការការពារខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការនេះ នឹងជួយគាំទ្រសម្រាប់សកម្មភាពមនុស្សធម៌ ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ នៅរាជធានី និងតាមបណ្តាខេត្ត ។

ក្នុងឱកាសនោះ លោក ឧកញ៉ា តាំង គួង លើកឡើងថា ការបានធ្វើការជាដៃគូ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពីជ័យសេនា ទៀ បាញ់ នឹងអាចចូលរួមពង្រឹង និងអភិវឌ្ឍផ្នែកអនាម័យ ផាសុកភាព នៃការរស់នៅរបស់ពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរ ក្នុងគន្លងប្រក្រតីភាពថ្មី។

លោកឧកញ៉ាបន្ថែមថា ក្រុមហ៊ុនមានគោលបំណងតែមួយ គឺចង់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានប្រើប្រាស់ទឹកសម្លាប់មេរោគ ដែលមានគុណភាពល្អ សម្រាប់យុទ្ធនាការចុះចាក់វ៉ាក់សាំងជូនពលរដ្ឋតាមរាជធានី និងខេត្ត ដោយទឹកសម្លាប់មេរោគ សាកគីន មានលក្ខណៈពិសេសគ្រប់គ្រាន់ក្នុងកម្រិត PH ត្រឹមត្រូវ អាចប្រើប្រាស់បាញ់សម្លាប់ មេរោគបានលើរាងកាយផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងពង្រឹងសុខសុវត្ថិភាព ជូនដល់ក្រុមគ្រូពេទ្យ និងពលរដ្ឋ ហើយក្រុមហ៊ុននឹងខិតខំសហការ និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យដំណើរការរលូន និងទទួលបានលទ្ធផលល្អប្រសើរ‌‍ ។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួយផ្សារភ្ជាប់ទំនាក់ទំនង រវាងក្រុមហ៊ុន ឆាយវ៉ាង Sakkin Water ទៅកាន់ស្ថាប័នរដ្ឋ និងឯកជន ដើម្បីធ្វើសហប្រតិបត្តិការ ក្នុងការផ្សព្វផ្សាយចំណេះដឹង ពីការការពារសុខភាព អនាម័យ សុខមាលភាពតាមបែបទំនើបកម្ម ឲ្យបានទូលំទូលាយ ៕